ក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញបានទូរថភ្លើងដឹកទំនិញចំនួន៦០គ្រឿងបន្ថែម ពីប្រទេសចិន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង ​បាន​ទិញ​ទូ​រថភ្លើង​សម្រាប់​ដឹកទំនិញ​ថ្មីចំនួន ៦០គ្រឿង​បន្ថែម​ទៀត ពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្ម​ដឹកជញ្ជូនតាមផ្លូវដែក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បានឱ្យដឹងថា ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ។ ទូរថភ្លើងទាំងនេះ បានមកដល់នៅយប់ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកដាក់ចុះពីនាវាដោយជោគជ័យ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។

រថភ្លើងដឹកទំនិញដែលនាំចូលមកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់។ រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៃប្រទេសចិន ត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។

ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះ នឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូនដែលកំពុងកើនឡើង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញកាន់តែរលូន និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មទូទាំងប្រទេស។ មុននឹងដាក់ឱ្យដំណើរការសេវកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការមកដល់របស់ទូ​រថភ្លើង​សម្រាប់​ដឹកទំនិញ​ថ្មីចំនួន ៦០គ្រឿង​បន្ថែម​ទៀតនេះជាការបោះជំហានទៅមុខដ៏សំខាន់ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ហើយការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង ៦០គ្រឿងនេះគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះ ក្នុងចំណោមការបញ្ជាទិញសរុប ២២១គ្រឿង របស់ក្រុមហ៊ុនក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ។

ក្រសួងបន្តថា ចំពោះដំណាក់កាលទីពីរ មានចំនួន ៣៥ គ្រឿងរំពឹងថានឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកការដឹកជញ្ជូន ៤៥ គ្រឿងទៀតដែលគ្រោងនឹងដាក់ក្នុងខែមករា ឆ្នាំ២០២៥ នឹងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់៕