នាយករដ្ឋមន្ត្រីឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ

សង្គម​ និង​សេដ្ឋកិច្ច

តបតាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០២៤។នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស បានឱ្យដឹងថា លោក សនសៃ ស៊ីផាន់ដន និងភិយា នឹងអញ្ជើញចូលក្រាបថ្វាយបង្គំ គាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្ត្រីឡាវ គ្រោងនឹង មានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ផងដែរ។

បន្ថែមពីនេះ លោក សនសៃ ស៊ីផាន់ដន នឹងមានជំនួបទ្វេភាគីជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហា តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជា អធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្នុងអំឡុងពេលនៃទស្សនកិច្ច លោកនាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងពង្រីកកិច្ចសហប្រតិ ទាំងពីរ៕