យោងតាមក្រសួងការពារជាតិអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅថា រុស្ស៊ីបានទទួលរងការខាតបង់ក្នុងចំនួនកំណត់ត្រាខ្ពស់បំផុត ទាំងលើសម្ភារ:យោធា និងទាហានរបស់ខ្លួន នៅក្នុងខែវិច្ឆិកា ជុំវិញការបង្កសង្គ្រាមប្រឆាំងទៅនឹងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyiv Independent។
ការបាត់បង់ចំនួនទាហានរបស់រុស្ស៊ី នៅក្នុងសមរភូមិជួរមុខ បានកើនឡើងយ៉ាងខ្លាំង កាលពីខែមុន ខណៈពេលរដ្ឋាភិបាលទីក្រុងម៉ូស្គូ បន្តវាយលុកចូលកាន់តែជ្រៅទៅកាន់តំបន់ Donetsk ក្នុងគោលបំណងគ្រប់គ្រងទីក្រុង Pokrovsk និង Kurakhove នៅក្នុងប្រទេសអ៊ុយក្រែន។
នៅក្នុងខែវិច្ឆិកា ទាហានរុស្ស៊ីសរុបចំនួន ៤៥ ៧២០ នាក់ ត្រូវបានរាយការណ៍ថាបានរងរបួស ស្លាប់ ឬត្រូវបានចាប់ខ្លួន។ ខណ:នៅក្នុងខែដដែលនេះ កងកម្លាំងអ៊ុយក្រែន ក៏បានបំផ្លាញសព្វាវុធរបស់រុស្ស៊ីអស់ជាច្រើនផងដែរ ដោយក្នុងនោះរួមមានរថក្រោះចំនួន ៣០៧ គ្រឿង រថពាសដែក ៨៩៩ គ្រឿង និងកាំភ្លើងធំចំនួន ៨៨៤ ដើម។
ទន្ទឹមនឹងនេះ បើតាមការគណនារបស់ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហាញឲ្យដឹងទៀតថា អាវុធ និងបរិក្ខារសម្រាប់ធ្វើសង្គ្រាមរបស់រុស្ស៊ីដែលបានបាត់បង់ក្នុងខែវិច្ឆិកា ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃសរុបជាង ៣ពាន់លានដុល្លារ ដែលជាចំនួនច្រើនជាង កាលពីខែកញ្ញា និងខែតុលា។
មិនតែប៉ុណ្ណោះ យោងតាមអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ទៀតថា គិតត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ចាប់តាំងពីកើតមានសង្គ្រាមមក រុស្ស៊ីបានបាត់បង់កងកម្លាំងសរុបចំនួន ៧៤២ ១៣០ នាក់ ដែលនេះមានន័យថាក្នុងមួយថ្ងៃ ពួកគេបានបាត់ទាហានប្រហែល ១ ៧៣០ នាក់៕