យោងតាមមន្ត្រីពាណិជ្ជកម្មអាមេរិក បានប្រកាសកាលពីពេលថ្មីៗនេះថា ផែនការយកពន្ធគយថ្មីលើការនាំចូលបន្ទះសូឡា ពីប្រទេសនៅក្នុងតំបន់អាស៊ីអាគេ្នយ៍ចំនួនបួន រួមទាំងកម្ពុជា បានចាប់ផ្តើមហើយ បន្ទាប់ពីមានការត្អូញត្អែរជាច្រើនពីសំណាក់ក្រុមហ៊ុនផលិតរបស់អាមេរិក ថាទំនិញដែលនាំចូលពីតំបន់នោះមានតម្លៃថោក និងធ្វើឲ្យខូចដល់ទីផ្សារសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការសម្រេចចិត្តយកពន្ធលើការនាំចូលផលិតផលបន្ទះសូឡានេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃផែនការរបស់នាយកដ្ឋានពាណិជ្ជកម្មរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងគោលបំណងការពារផលប្រយោជន៍របស់ក្រុមហ៊ុនផលិតបន្ទះសូឡាខ្នាតធំ និងអ្នកផលិតតូចៗជាច្រើន នៅសហរដ្ឋអាមេរិក។
គួរឲ្យដឹងផងដែរថា កន្លងមកគណៈកម្មាធិការពាណិជ្ជកម្មនៃសម្ព័ន្ធអាមេរិកសម្រាប់ការផលិតបន្ទះសូឡា បានចោទប្រកាន់ទៅលើក្រុមហ៊ុនផលិតបន្ទះសូឡាធំៗរបស់ចិនដែលមានរោងចក្រក្នុងប្រទេសតំបន់អាស៊ាន ដូចជាម៉ាឡេស៊ី កម្ពុជា វៀតណាម និងថៃ ថាបានធ្វើឲ្យតម្លៃបន្ទះសូឡាសកលធ្លាក់ចុះ ជាមួយនឹងនាំចេញផលិតរបស់ខ្លួនច្រើនលើសលប់ពេក ដែលបានធ្វើឲ្យខូតដល់ការប្រកួតប្រជែងដោយយុត្តិធម៌។
យោងតាមសេចក្តីសម្រេចបឋមដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទីភ្នាក់ងារនេះបានគណនាពន្ធគយបន្ថែមលើការនាំចូលបន្ទះសូឡា ក្នុងចន្លោះពី ២១,៣% ទៅ ២៧១,២% ពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម។
ជម្រាបជូនផងដែរថា បន្ទះសូឡាដែលបានដំឡើងនៅសហរដ្ឋអាមេរិក ភាគច្រើនត្រូវបានផលិតនៅក្រៅប្រទេស ហើយការនាំចូលសរុបប្រហែល ៨០% គឺមកពីប្រទេសក្នុងតំបន់អាស៊ានចំនួនបួនខាងលើ៕