ថៃ កាន់តែកៀកក្នុងការចុះហត្ថលេខាលើកិច្ចព្រៀងពាណិជ្ជកម្មសេរីដំបូង ជាមួយប្លុកអឺរ៉ុប

អន្តរជាតិ

ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែមករា ឆ្នាំក្រោយ ជាមួយនឹងគោលដៅបង្កើនឱកាសនាំចេញ និងទាក់ទាញអ្នកវិនិយោគអឺរ៉ុបកាន់តែច្រើន មកកាន់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានប្រកាសពីការចរចាដោយជោគជ័យ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលរួមមានប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលិចតិនស្តាញ។

លោក Pichai បាននិយាយទៀតថា កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកឱកាសនាំចេញ និងទាក់ទាញការវិនិយោគពីបរទេស ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ដើម្បីបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​​ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។

គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនេះ នឹងគ្របដណ្តប់លើវិស័យចំនួន ១៥ ដូចជាពាណិជ្ជកម្មទំនិញ ទំនិញប្រភពដើម ការសម្របសម្រួលពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ ការប្រកួតប្រជែង និរន្តរភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

ជម្រាបជូនថា ពាណិជ្ជកម្មរវាងប្រទេសថៃ និង​សមាគម​ EFTA ចាប់ពីខែមករា ដល់ខែតុលាឆ្នាំ២០២៤ នេះ បានកើនឡើងលើសពី ១០ពាន់លានដុល្លារ ដែលស្មើនឹង ២,០៣% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ និងកើនឡើង ២៣,២២% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕