វៀតណាម គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃជិត ៧០ពាន់លានដុល្លារ តភ្ជាប់ទីក្រុងធំៗពីរ

អន្តរជាតិ

រដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះ បានប្រកាសថាប្រទេសរបស់ខ្លួនគ្រោងនឹងចំណាយទឹកប្រាក់ ៦៧ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីទីក្រុងហាណូយ ទៅកាន់ទីក្រុងហូជីមិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Business Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែនេះ នឹងរត់ពីរដ្ឋធានីស្ថិតនៅភាគខាងជើង ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសដែលស្ថិតនៅនៅភាគខាងត្បូង មានចម្ងាយសរុបជាង ១ ៥០០ គីឡូម៉ែត្រ ដោយនឹងត្រូវឆ្លងកាត់ទីក្រុង និងខេត្តចំនួន២០ ជាមួយនឹងល្បឿនប្រមាណ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជុំវិញផែនការដ៏ធំនេះ ត្រូវបានបោះឆ្នោតគាំទ្រដោយរដ្ឋសភា និងរំពឹងអាចកាត់បន្ថយពេលវេលាធ្វើដំណើរពី ៣០ម៉ោង មកនៅត្រឹមប្រហែល ៥ម៉ោងប៉ុណ្ណោះ ខណ:រដ្ឋភិបាលវៀតណាម ជឿជាក់ថានឹងផ្តល់នូវការជំរុញដ៏សំខាន់បន្ថែមទៀត ដល់ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គម្រោងនេះ ត្រូវបានព្យាករថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៧ ហើយនិងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០៣៥ ស្របពេលការចំណាយ ទំនងជាត្រូវផ្តល់មូលនិធិតាមរយៈ​មូលបត្រ​បំណុលរយៈពេលវែង ជំនួយអភិវឌ្ឍន៍ផ្លូវការ និងកម្ចីសម្បទាន។

ជម្រាបជូនផងដែរថា មេដឹកនាំវៀតណាម និងរដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ ក៏បានពិភាក្សាគ្នាអំពីការតភ្ជាប់ផ្លូវដែកឆ្លងកាត់ព្រំដែន ពីប្រទេសចិន ទៅកាន់កំពង់ផែភាគខាងជើងប្រទេសវៀតណាមដែលស្ថិតនៅទីក្រុង Haiphong ផងដែរ៕