ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរ រវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីមកពីក្រសួង និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ១៥០ នាក់។
តាមការបញ្ជាក់ឱ្យដឹង ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ជំរុញភាពជាដៃគូ ភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម ពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគី។
សូមជម្រាបជូនថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។ ជាមួយនឹងចក្ខុវិស័យ ជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ដែលផ្តោតលើការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ នៅប្រទេសកម្ពុជា៕