អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បាន បង្ហាញមហិច្ឆតា បង្កើតរោងចក្រនៅក្នុងស្រុកឱ្យបានចំនួន៧រោងចក្រ និងតំបន់ឧស្សាហកម្ម ឬសួនឧស្សាហកម្ម និងក្រុងរណបមួយ ត្រឹមរយៈពេល៣ឆ្នាំប៉ុណ្ណោះ ពោលគឺក្នុងអំឡុងពេលឆ្នាំ ២០២៥-២០២៨។ នេះបើតាមការឱ្យដឹងពីផេកផ្លូវការរបស់អ្នកឧកញ៉ា នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន បានបញ្ជាក់ថា ការបង្កើតរោងចក្រ តំបន់ឧស្សាហកម្ម ឬសួនឧស្សាហកម្ម និងក្រុងរណបមួយនេះ ធ្វើឡើងនៅក្នុងគោលបំណង បង្កើនការផលិតក្នុងស្រុក បង្កើតការងារជូនពលរដ្ឋ ពង្រីកការវិនិយោគ បង្កើនចំណូលសម្រាប់ក្រុមហ៊ុន នាំចំណូលពន្ធជូនរដ្ឋ និងដើម្បីជាមរកតសម្រាប់គ្រួសារ។
ជាមួយនឹងមហិច្ឆតានេះ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណា ជាអ្នកជំនាញអចលនទ្រព្យម្នាក់នៅកម្ពុជា អ្នកឧកញ៉ាក៏មិនដែលភ្លេចបេសកកម្មពិសេសរបស់ខ្លួននោះដែរ គឺវិនិយោគអចលនទ្រព្យ។
សូមជម្រាបថា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP , ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេធី ស្ទៀល ស្រ្កាក់ឈ័រ ឯ.ក និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលបញ្ចប់ថ្នាក់បណ្ឌិតពីក្រៅប្រទេស៕