ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តគម្រោងពីរមានទឹកប្រាក់១៧៣លានដុល្លារ ដើម្បីពន្លឿនការគ្រប់គ្រងធនធានទឹកនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)កាលពីថ្ងៃទី៣ខែធ្នូ បានអនុម័តគម្រោងពីរដែលមានទឹកប្រាក់កម្ចីនិងជំនួយចំនួន១៧៣លានដុល្លារដើម្បី ពន្លឿនការគ្រប់គ្រងធនធានទឹកដែលបន្សាំនឹងអាកាសធាតុនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងទី១ គឺគម្រោងគ្រប់គ្រងធនធានទឹក ដែលមានទឹកប្រាក់ ៨៨លានដុល្លារអាមេរិក ក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ គម្រោងនេះនឹងពង្រឹងការគ្រប់គ្រងធនធានទឹកបន្សាំនឹងអាកាសធាតុ បរិស្ថាន និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយហានិភ័យទឹកជំនន់។ ជំនួយចំនួន ៤.៣ លានដុល្លារបានពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលផ្តល់ជំនួយដល់ប្រទេសដែលងាយរងគ្រោះបំផុតរបស់ ADB សម្រាប់បង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការគ្រប់គ្រងទឹកដែលធន់នឹងអាកាសធាតុ។

ADB នឹងគ្រប់គ្រងផ្នែកខ្លះនៃប្រាក់កម្ចីចំនួន ៨០ លានដុល្លារជាសហហិរញ្ញប្បទានដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ គម្រោងនេះក៏នឹងលើកកម្ពស់ការគ្រប់គ្រងទឹក ប្រព័ន្ធធារាសាស្រ្តតាមរយៈជំនួយបច្ចេកទេសដែលបានផ្តល់ហិរញ្ញប្បទានដោយមូលនិធិជប៉ុនសម្រាប់ភាពរុងរឿងនិងធន់នឹងអាស៊ី និងប៉ាស៊ីហ្វិក។

ចំណែកគម្រោងទី២ គឺជាហិរញ្ញប្បទានបន្ថែមចំនួន ៨៥ លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តដែលកំពុងដំណើរការ ដើម្បីជួយក្រសួងធនធានទឹក និងឧតុនិយម លើកកំពស់ប្រសិទ្ធភាពការចែកចាយទឹក និងធន់នឹងអាកាសធាតុ នៅទូទាំងប្រព័ន្ធធារាសាស្ត្រចំនួន ៤ នៅខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តតាកែវ។ គម្រោងនេះនឹងចែករំលែកការអនុវត្តល្អបំផុតជាមួយកសិករដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងប្រសិទ្ធភាពនៃការចែកចាយទឹកនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ គម្រោងនេះក៏គាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលទិន្នន័យគ្រប់គ្រងធនធានទឹកជាតិរបស់កម្ពុជា និងប្រព័ន្ធព័ត៌មានធនធានទឹកជាតិដែលពាក់ព័ន្ធផងដែរ។ វាក៏នឹងគាំទ្រការងាររៀបចំ និងការរចនាសម្រាប់ការវិនិយោគនាពេលអនាគតក្នុងការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត៕