កម្ពុជា នឹងរៀបចំកម្មវិធី«ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍» ដើម្បីទាក់ទាញវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធី «ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍ (CAMBODIA TRAVEL MATCH-CTM)» ក្នុងអំឡុងពេលបុណ្យសមុទ្រលើទី១១ ជុំទី៣ ឆ្នាំ២០២៤ ដើម្បីបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រកម្ពុជា សំដៅជំរុញការទាក់ទាញវិនិយោគមកកាន់វិស័យនេះបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ឱ្យដឹងបន្តថា កម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍ ក៏រៀបចំឡើងដើម្បី ឱ្យមានជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក។ កម្មវិធីនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ្គូដថាម រឺលែករីសត ខេត្តកំពត ដោយរៀបចំជាទម្រង់ជំនួបចរចាពាណិជ្ជកម្មទេសចរណ៍ទ្វេភាគី (B2B) រវាងអ្នកទិញ និងអ្នកលក់ ដោយមានការចុះកិច្ចសន្យា ទិញ-លក់នៅទីតាំងផ្ទាល់ អមជាមួយសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងព្រឹត្តិការណ៍ខាងលើ ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) កំពុងជ្រើសរើសក្រុមហ៊ុនទេសចរណ៍ដែលជាអ្នកទិញ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គមចំនួន៦០ក្រុមហ៊ុន ពីប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងអ្នកលក់ពីប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា រុស្សី តួកគី អ៊ីរ៉ង់ ចិន និងសហភាពអារ៉ាប់រួម និងអ្នកលក់ ជាប្រតិបត្តិករទេសចរណ៍ក្នុងស្រុកប្រមាណ ១០០ក្រុមហ៊ុន។

ជាថ្មីម្តងទៀត ក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានបំណងចង់ក្លាយជាអ្នកលក់ ដើម្បីចូលរួមក្នុងកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CAMBODIA TRAVEL MATCH-CTM) សំដៅបង្កើនទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្ម អាចទាក់ទងចុះឈ្មោះតាមរយៈលេខទូរសព្ទ +៨៥៥ ១៥ ៥៥ ៣១ ៣១ (Telegram/WhatsApp) និង Email [email protected]