ក្រុមហ៊ុន Stellantis ដែលផលិតរថយន្តលំដាប់កំពូលដូចជា Jeep, Citroen , Ram , Dodge, Chrysler និង Peugeot កាលពីពេលថ្មីៗនេះ បានប្រកាសថានាយកប្រតិបត្តិរបស់ខ្លួន គឺលោក Carlos Tavares នឹងលាលែងចេញពីចេញពីតំណែង បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់របស់ក្រុមហ៊ុន ដែលនាំឲ្យមានការអំពាវនាឲ្យចុះចេញពីតួនាទី ពីសំណាក់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។ នេះបើតាមការចុះពីសារព័ត៌មាន CNN។
ជុំវិញការចាកចេញពីតំណែងរបស់លោក Tevares នេះ បានកើតឡើង ក្រោយក្រុមហ៊ុន Stellantis បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ រួមទាំងការការបញ្ឈប់បុគ្គលិកនៅរោងចក្រជាច្រើនរបស់ខ្លួន ស្របពេលមានការអំពាវនាវឲ្យចុះចេញពីតំណែង ពីសំណាក់សហជីព United Auto Workers (UAW) ដែលជាស្ថាប័នតំណាងឲ្យក្រុមកម្មករនៅសហរដ្ឋអាមេរិក។
គួរឲ្យដឹងផងដែរថា លោក Tavares បច្ចុប្បន្នវ័យ ៦៦ឆ្នាំ ជាពាណិជ្ជករជនជាតិព័រទុយហ្គាល់ ដែលបានចូលរួមជាផ្នែកដ៏សំខាន់ក្នុងការច្របាច់បញ្ចូលគ្នា រវាងក្រុមហ៊ុនផលិតរថយន្តរបស់បារាំង PSA Group និងក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប-អាមេរិក Fiat-Chrysler ឲ្យក្លាយទៅជាក្រុមហ៊ុនតែមួយ និងបានប្តូរឈ្មោះទៅជា Stellantis ។
ហើយយ៉ាងណាមិញ ចំពោះការចុះចេញពីតំណែងនេះ មានន័យថាលោក Tavares នឹងត្រូវបញ្ចប់តួនាទីរបស់ខ្លួនភ្លាមៗ មុនពេលកិច្ចសន្យាបច្ចុប្បន្នដែលនឹងត្រូវបញ្ចប់ នៅដើមឆ្នាំ២០២៦។
នៅក្នុងត្រីមាសទី៣ Stellantis បានប្រកាសថាប្រាក់ចំណូលសុទ្ធរបស់ខ្លួនមានចំនួនត្រឹម ៣៣ពាន់លានអឺរ៉ូ (ប្រហែល ៣៦ពាន់លានដុល្លារ) ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពី ៤៥ពាន់លានអឺរ៉ូ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារភាពចន្លោះប្រហោងក្នុងការចេញលក់ផលិតផលថ្មី និងសកម្មភាពកាត់បន្ថយការនាំចេញរថយន្តនៅទូទាំងពិភពលោក ២០% ផងដែរ។
ជម្រាបជូនផងដែរថា Stellantis បច្ចុប្បន្នជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទីបួន នៅលើពិភពលោក ដោយតាមពីក្រោយ Toyota, Volkswagen Group និង Hyundai Motor Group៕