យោងតាមអាជ្ញាធរកៅស៊ូថៃ (RAT) បានឲ្យដឹងថា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារមកលើខេត្តចំនួនប្រាំ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសថៃ កាលពីសប្តាហ៍មុន អាចបណ្តាលឲ្យមានការខាងបង់ជាទឹកប្រាក់ដល់ទៅ ២០ពាន់លានបាត (៥៨០លានដុល្លារ) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Sukthat Tangwiriyakul អភិបាលស្តីទីនៃអាជ្ញាធរកៅស៊ូថៃ បាននិយាយថា ទឹកជំនន់ដ៏អាក្រង់នៅខេត្ត Songkhla, Satun, Pattani, Yala និង Narathiwat បានបំផ្លិចបំផ្លាញចំការកៅស៊ូជាង ៥លានរ៉ៃ (ឬស្មើនឹង ៨ សែនហិកតា) ។
ទន្ទឹមនឹងនេះ RAT បានប៉ាន់ប្រមាណទៀតថា កសិករនឹងមិនអាចចៀរដើមកៅស៊ូរបស់ពួកគេក្នុងរយៈពេលមួយខែកន្លះទៀត ទាន់នោះឡើយ ដែលនឹងធ្វើឲ្យខាតបង់ប្រាក់ចំណូលប្រហែល ២០ពាន់លានបាត ខណ:ការប៉ាន់ស្មាននេះ គឺផ្អែកលើតម្លៃជ័របច្ចុប្បន្ន ៦៥បាតក្នុងមួយគីឡូក្រាម។
មិនតែប៉ុណ្ណោះ លោក Sukthat បានបន្ថែមថា ទីភ្នាក់ងាររបស់លោកនឹងផ្តល់សំណងចំនួនជាទឹកប្រាក់ចំនួន ៣ពាន់បាត ដល់កសិករដែលបានចុះបញ្ជីចម្ការរបស់ពួកគេជាមួយ RAT ស្របពេលអាជ្ញាធរខេត្តនីមួយៗដែលទទួលរងគ្រោះ ក៏នឹងទទួលបានថវិកាសង្គ្រោះបន្ទាន់ចំនួន ១០ម៉ឺនបាត ក្នុងមួយខេត្ត ដើម្បីចែកជូនសម្ភារចាំបាច់ដល់ជនរងគ្រោះដោយសារទឹកជំនន់នេះ ផងដែរ៕