រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun បានស្នើសុំលាលែងចេញពីតំណែង កាលពីថ្ងៃពុធ ទី៤ ខែធ្នូ ជុំវិញភាពចលាចលដែលបណ្តាលមកពីការដាក់ច្បាប់អាជ្ញាសឹក ដោយប្រធានាធិបតី លោក Yoon Suk Yeol ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kim បាននិយាយថា៖” “ជាដំបូង ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងទទួលខុសត្រូវទាំងស្រុងចំពោះភាពច្របូកច្របល់ និងការព្រួយបារម្ភដែលបានកើតឡើងចំពោះសាធារណជន ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹក។ ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហាទាំងអស់ដែលជាប់ទាក់ទងនឹងច្បាប់អាជ្ញាសឹកនេះ ហើយបានដាក់ពាក្យសុំលាលែងពីតំណែងទៅកាន់ប្រធានាធិបតី”។
គួរឲ្យដឹងផងដែរថា កាលពីថ្ងៃពុធដដែលនោះ សមាជិកសភាកូរ៉េខាងត្បូង បានដាក់ញត្តិមួយដើម្បីចោទប្រកាន់ទៅលើប្រធានាធិបតីលោក Yoon Suk Yeol បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹក និងបានសម្រេចដកចេញវិញនៅត្រឹមតែប៉ុន្មានម៉ោងក្រោយមក ដែលបង្កឲ្យមានវិបត្តិនយោបាយដ៏ធំ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ីមួយនេះ។
ជម្រាបជូនថា ក្រុមគណបក្សប្រឆាំងចំនួន៦ កាលពីម្សិលមិញនេះ បានដាក់ចេញសេចក្តីព្រាងច្បាប់មួយដើម្បីដំណើរការនីតិវិធីចោទប្រកាន់ជាផ្លូវការ ដើម្បីដកតំណែងលោក Yoon តែម្តង ស្របពេលបក្សប្រឆាំងធំជាងគេ គឺ Democratic Party បានស្នើឲ្យលោក Yoon ចុះចេញពីតំណែងដោយខ្លួនឯង ប្រសិនបើមិនចង់ប្រឈមមុខជាមួយ នីតិវិធីដកតំណែងរបស់សភា៕