មហាសេដ្ឋីដើរក្នុងលំហដំបូងគេបង្អស់លើពិភពលោក ត្រូវបានលោក ត្រាំ តែងតាំងឲ្យដឹកនាំអង្គការ Nasa

អន្តរជាតិ

លោក Jared Isaacman ដែលជាមហាសេដ្ឋី និងជាអវកាសយានិកស៊ីវិលដំបូងគេបង្អស់របស់ពិភពលោកដែលបានដើរក្នុងលំហ កាលពីដើមឆ្នាំនេះ ត្រូវបានប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ជ្រើសរើសឲ្យទៅដឹកនាំអង្គការអវកាស Nasa ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយថា​ ៖”ដោយសារចំណង់ចំណូលចិត្តរបស់ Jared សម្រាប់វិស័យអវកាស រួមទាំងបទពិសោធជាអវកាសយានិក និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញដល់ការរុករក ស្វែងយល់អាថ៌កំបាំងនៃសកលលោក និងការជំរុញសេដ្ឋកិច្ចអវកាសថ្មី ធ្វើឲ្យគាត់ស័ក្តិសមបំផុត ក្នុងការដឹកនាំអង្គការ NASA ឲ្យឆ្ពោះទៅកាន់យុគសម័យថ្មី”។

ទន្ទឹមនឹងនេះ លោក Isaacman ដែលជាស្ថាបនិកក្រុមហ៊ុនការពារដែនអាកាសពាណិជ្ជកម្ម Draken International ក៏បានបង្ហាញពីដឹងគុណចំពោះការផ្តល់តំណែងពីសំណាក់លោក ត្រាំ ហើយបេ្តជ្ញាប្រឹងប្រែងដឹកនាំអង្គការនេះឲ្យកាន់តែមានភាពរីកចម្រើនទៅមុខទៀត។

រំលឹកថា លោក ​ Isaacman បានក្លាយជាអវកាសយានិកមិនអាជីពដំបូងគេ ដែលបាន​បណ្តែតខ្លួន​ក្នុងលំហអវកាស តាមរយ:ការធ្វើដំណើរក្នុងយាន​អវកាស​របស់​ក្រុមហ៊ុន​ SpaceX ដើម្បីដាក់ខ្លួន​ចូលទៅក្នុង​ទីលំហអវកាស​ដែលស្ថិតនៅចម្ងាយប្រមាណ ៧០០គីឡូម៉ែត្រ​ពីផ្ទៃផែនដី។ បេសកកម្ម​​របស់​ក្រុមហ៊ុន ​SpaceX នេះ​ មានឈ្មោះថា Polaris Dawn មានគោលដៅ​ធ្វើតេស្ត​សំលៀកបំពាក់​របស់​អវកាសយានិក ដែលជាផ្នែកមួយនៃ​គម្រោងការ​ធំ​ៗផ្សេងទៀត របស់​​ក្រុមហ៊ុន ​​SpaceX។

ជម្រាបជូនផងដែរថា លោក Isaacman នឹងត្រូវស្នងតំណែងបន្តពីអ្នកគ្រប់គ្រងអង្គការ Nasa បច្ចុប្បន្ន គឺលោក Bill Nelson ដែលជាអតីតអ្នកបើកយានអវកាស និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យសម្រាប់រដ្ឋ Florida ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី ចូ បៃដិន កាលពីឆ្នាំ២០២១៕