យើងបានសម្ពោធជាផ្លូវការ ក្រុមហ៊ុន សែលកាត ក្នុងឆ្នាំ១៩៩៦ ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេដែលបានវិនិយោគលើបច្ចេកវិទ្យាប្រព័ន្ធទូរស័ព្ទចល័តសកល GSM ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Millicom មកពីទីក្រុង Stockholm ប្រទេសស៊ុយអែត និងប្រទេសលុចសំបួ។ នេះបើយោងតាមទំព័រហ្វេសបុកអ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងមុននេះ។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា យើងក៏បានវិនិយោគលើក្រុមហ៊ុន Royal Telecom International (RTI) IDD 007 ក្នុងឆ្នាំ១៩៩៧ ដោយអាជ្ញាប័ណ្ណនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល។ ក្នុងអំឡុងពេលនោះ ច្រកទ្វារអន្តរជាតិ ០០១ ត្រូវបានដំណើរការដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុនទូរស័ព្ទ Telstra របស់ប្រទេសអូស្ត្រាលី។ RTI បានរង់ចាំរហូតដល់ចុងបញ្ចប់នៃកិច្ចសន្យាកិច្ចសហប្រតិបត្តិការអាជីវកម្ម (“BCC”) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩១ រវាង OTC និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដំណើរការច្រកទ្វារអន្តរជាតិផ្តាច់មុខរយៈពេល១០ឆ្នាំ តាមរយៈផ្កាយរណបអន្តរជាតិ Sputnik របស់ប្រទេសរុស្ស៊ី។
ការធ្វើតេស្តសាកល្បងដោយជោគជ័យត្រូវបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៩។ ទីបំផុត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០១ សេវាកម្មទូរគមនាគមន៍ច្រកទ្វារអន្តរជាតិប្រព័ន្ធ ០០៧ ដែលដំណើរការក្រោម RTI ត្រូវបានដាក់ឱ្យដំណើរការជាលក្ខណៈពាណិជ្ជកម្ម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ម្ចាស់ ក្រុមហ៊ុន រ៉ូយ៉ា គ្រុបរូបនេះបានបន្តថា យើងបានយកឈ្នះលើបញ្ហាប្រឈមជាច្រើនក្នុងគ្រានោះ។ វាគឺជារយៈពេលដ៏លំបាកមួយ ប៉ុន្តែយើងបានប្តេជ្ញាចិត្តគាំទ្របេសកកម្មរបស់រដ្ឋាភិបាលក្នុងការភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ ជាការពិតណាស់ អ្វីមួយដែលមិនអាចធ្វើទៅមុខបាន គឺដោយសារអ្នកមិនបានចាប់ផ្តើមធ្វើវា៕