ប្រាសាទអង្គរវត្ត ក្លាយជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី ខណៈការធ្វើដំណើរតាមយន្តហោះមានជិត ៥លាននាក់ នៅ១០ខែមកនេះ

អន្តរជាតិ

បើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឲ្យដឹងថា នៅក្នុងរយៈពេល ១០ខែ (មករា ដល់តុលា) នៃឆ្នាំ២០២៤ កម្ពុជាបានបម្រើនៃការធ្វើដំណើររបស់អ្នកទេសចរតាមផ្លូវអាកាសជិត ៥លាននាក់ ពោលគឺកើនឡើង២១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងការកើនឡើងដូច្នេះ ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ត្រូវបានបោះឆ្នោតជ្រើសរើស ថាជាកន្លែងគោលដៅទេសចរណ៍បែបវប្បធម៌ដ៏ឈានមុខគេមួយប្រចាំទ្វីបអាស៊ី នៅក្នុងឆ្នាំនេះ របស់កម្មវិធី World Travel Award ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ SSCA លោក ស៊ិន ចាន់សេរីវុត្ថា បានមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ទាំងជាតិ និងអន្តរជាតិ បានដំណើរការនៃជើងហោះហើរជិត ៥០ ០០០ជើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជា ដោយកើនឡើងចំនួន១៤% ។ លោកបន្ថែមថា កម្ពុជាក៏បានរាយការណ៍ពីការកើនឡើង៣៧% នៃបរិមាណទំនិញដឹកជញ្ជូនតាមផ្លូវអាកាសមានចំនួនដល់ទៅជាង ៦៣ ០០០តោនក្នុងរយៈពេលពីខែមករា ដល់ខែតុលាផងដែរ។

លោក ស៊ិន ចាន់សេរីវុត្ថា

មិនត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ បានបង្ហាញទំនុកចិត្តខ្ពស់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលទើបតែបានដាក់ឲ្យដំណើរការកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នោះនឹងកាន់តែជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ក៏ដូចអ្នកទេសចរ មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ លោកថា ជាមួយនឹងផ្លូវរត់ប្រវែង ៣ ៦០០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិ (SAI) កម្រិត 4E អាច​មានសមត្ថភាពចុះចតយន្តហោះស្ទើរតែគ្រប់ប្រភេទទាំងអស់មកពីជុំវិញពិភពលោក។

គួរឲ្យដឹងដែរថា បើតាមទស្សនាវដ្តី Fodor’s Travel ប្រាសាទកោះកេរ ដែលជាប្រាសាទមានវ័យចំណាស់មួយរបស់កម្ពុជា ក៏បានក្លាយជាអ្នកតំណាងតំបន់ទេសចរណ៍ទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ត្បិតតែមានប្រាសាទកោះកេរតែមួយគត់ ដែលជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ២៥តំបន់ជុំវិញពិភពលោក គួរតែទៅទស្សនាសម្រាប់ឆ្នាំ២០២៥ ខាងមុខ៕