អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តទាំង១៧ ឆ្នាំ២០២៣-២០២៤

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តទាំង១៧ ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបង្ហាញឱ្យដឹងពីសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំបូកសរុបប្រចាំឆ្នាំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសភាពាណិជ្ជកម្មតាមបណ្ដារខេត្ត ថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មរាជធានី-ខេត្តចំនួន ៧៥ នាក់។ កិច្ចប្រជុំបានដំណើរការដោយផ្ដោតសំខាន់លើការបូកសរុបការងារសភាពាណិជ្ជកម្មខេត្ត ដែលបានសម្រេចកន្លងមកក្នុងឆ្នាំ ២០២៣-២០២៤ និងការងារដែលត្រូវដាក់ចេញអនុវត្តន៍បន្ដក្នុងឆ្នាំ២០២៥។

អ្នកឧកញ៉ា គិត ម៉េង ប្រធានអង្គប្រជុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងកន្លងមករបស់សភាពាណិជ្ជកម្មខេត្តទាំង១៧ ក្នុងការសម្រេចការងារជួយដល់សមាជិក សមាជិកា ទាំងការងារធុរកិច្ច ពាណិជ្ជកម្ម ការងារក្នុងយន្ដការភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការរៀបចំសិក្ខាសាលាថ្នាក់ជាតិនានា ។ អ្នកឧកញ៉ាប្រធាន ក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើការអនុវត្តន៍ការងាររបស់សភាពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើយ៉ាងណាឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាពិសេសគឺបរិបទថ្មីនៃសង្គមសេដ្ឋកិច្ចឌីជីថល និងការកែទម្រង់បរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្ពុជា ទទួលបន្ទុកកិច្ចការសភាពាណិជ្ជកម្មខេត្ត បានរាយការណ៍ជូនអ្នកឧកញ៉ាប្រធាន ក៏ដូចជាអង្គប្រជុំទាំងមូលអំពីរបាយការណ៍បូកសរុបលទ្ធផលវឌ្ឍនភាពការងារឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សភាពាណិជ្ជកម្មខេត្ត។ ជាលទ្ធផលក្នុងឆ្នាំ២០២៣-២០២៤ កន្លងមកសភាពាណិជ្ជកម្មខេត្តបានសម្រេចការងារមានដូចជា៖ កិច្ចការការងារបោះឆ្នោតសភាពាណិជ្ជកម្មរាជធានី-ខេត្ត វឌ្ឍនភាពការងារសភាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ កិច្ចសហការកន្លងមករវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត និងទិសដៅការងារបន្តឆ្នាំ២០២៥។

កិច្ចប្រជុំបានបានបន្តពិភាក្សាលើកិច្ចការសភាពាណិជ្ជកម្មខេត្តដោយផ្ដោតលើ សកម្មភាពការងារសភាពាណិជ្ជកម្មខេត្ត បញ្ហាប្រឈមនានា ដំណោះស្រាយ និងសំណូមពរផ្សេងៗ ជាពិសេសគឺដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ សម្រាប់សភាពាណិជ្ជកម្មខេត្តបណ្តាលខេត្តនានា។

សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។

សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕