ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន បង្ហាញគោលបំណង៣ ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹកនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យតំណាងសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) លោក Sun Xiangchun ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ក្នុងបរិបទនៃការប្រែប្រួលអាកាស។

ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ដល់គណៈប្រតិភូសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន អំពីអាទិភាពរបស់ក្រសួងក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម និងពីសក្តានុពលទឹកមានសម្រាប់ស្រោចស្រពផ្ទៃដីប្រមាណ ២លានហិកតា ព្រមទាំងតម្រូវការហេដ្ឋារចនាសម្ព័ន្ធទឹកជាច្រើនទៀត ដើម្បីធានានូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាការឆ្លើយតប តំណាងគណៈប្រតិភូសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) លោក Sun Xiangchun ក៏បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនផងដែរ គឺ ១)ជួយធ្វើការសិក្សា និងវិភាគលើការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹក ២)ស្វែងរកយន្តការសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយមលើកិច្ចការគ្រប់គ្រងទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និង៣)ជួយធ្វើការសិក្សា និងវិភាគលើការងារបូមខ្សាច់តាមដងទន្លេមេគង្គ និងជួយធ្វើយ៉ាងណាឱ្យការងារអភិវឌ្ឍន៍តាមដងទន្លេមេគង្គមាននិរន្តរភាព។

សូមបញ្ជាក់ថា សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) ជាសហគ្រាសខ្នាតធំរបស់រដ្ឋ បានបង្កើតឡើងក្នុងឆ្នាំ១៩៧៩។ ក្រុមហ៊ុនមានទីស្នាក់ការតំណាង ឬការិយាល័យគ្រប់គ្រងគម្រោងក្នុងប្រទេស និងតំបន់ចំនួន១១០។

ចំណែកនៅកម្ពុជា ក្រុមហ៊ុនអនុវត្តគម្រោងចំនួន៥ ក្នុងនោះគម្រោងចំនួន២បានបញ្ចប់រួចរាល់ ចំណែកគម្រោងចំនួន៣ទៀតកំពុងអនុវត្ត រួមមាន គម្រោងផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ គម្រោងសាងសង់សំណង់អគារនៅតាមបណ្តោយកំពង់ផែភ្នំពេញ និងគម្រោងសាងសង់បង្គោលអង់តែនទូរគមនាគមន៍៕