អតីតមេធំកម្មវិធីប្រណាំងរថយន្តលំដាប់ពិភពលោក Formula One លោក Bernie Ecclestone បានប្រកាសថា នឹងលក់រថយន្តប្រណាំងដែលខ្លួនប្រមូលទុកទាំងអស់ ក្នុងតម្លៃ ៤០០លានដុល្លារ ដោយក្នុងនោះក៏រួមបញ្ចូលទាំងរថយន្ត Ferrari ដំបូងគេដែលឈ្នះការប្រណាំង F1 ផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Car and Driver បានបង្ហាញឲ្យដឹងថា លោក Bernie Ecclestone បច្ចុប្បន្នវ័យ ៩៤ឆ្នាំ បានប្រមូលទុករថយន្តប្រណាំងកម្រៗសរុបចំនួន ៦៩ គ្រឿង ដោយរំពឹងទុកថានឹងលក់ចេញបានក្នុងតម្លៃប្រហែល ៤០០លានដុល្លារ។
ជុំវិញការសម្រេចចិត្តនេះ លោក Ecclestone បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ខ្ញុំបានប្រមូលរថយន្តទាំងនេះអស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ ខ្ញុំស្រលាញ់ពួកគេវាទាំងអស់នេះខ្លាំងណាស់ ប៉ុន្តែឥឡូវនេះ វាដល់ពេលហើយដែលខ្ញុំចាំបាច់ត្រូវតែគិតគូពីវាសម្រាប់ម្ចាស់ថ្មី ប្រសិនបើខ្ញុំលែងនៅទីនេះទៀត។ ហើយនេះជាមូលហេតុដែលខ្ញុំសម្រេចចិត្តលក់វា”។
គួរឲ្យដឹងផងដែរថា លោក Ecclestone បានចាប់ផ្តើមអាជីពរបស់ខ្លួនក្នុងនាមជាកីឡាករប្រណាំងរថយន្ត អំឡុងទសវត្សឆ្នាំ១៩៥០។ ក្រោយមកលោកបានទិញយកក្រុម Brabham F1 ក្នុងឆ្នាំ១៩៧១ និងបានក្លាយជា CEO នៃកម្មវិធីប្រណាំងរថយន្ត Formula One Group នៅឆ្នាំ១៩៨៧។
ជម្រាបជូនថា លោក Ecclestone ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ២,៤ពាន់លានដុល្លារ បានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ Formula One ក្នុងឆ្នាំ២០១៧ បន្ទាប់ពីក្រុមហ៊ុន Liberty Media ទិញយកវាក្នុងតម្លៃ ៤,៦ពាន់លានដុល្លារ៕