ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន ត្រូវបានគេស្គាល់ជាទូទៅថា ជាស្តេចមួយអង្គដែលមានទ្រព្យយ៉ាងច្រើនមហាសាល ដោយព្រះអង្គមាននូវគ្រឿងអលង្ការ អចលនទ្រព្យ ក៏ដូចជាភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗជាច្រើន ហើយបើតាមការឲ្យដឹងពី Financial Times ធ្លាប់បានប៉ាន់ស្មានថា ទ្រព្យសម្បត្តិរបស់ស្តេចថៃអង្គនេះ មានទំហំរហូតដល់ទៅ ៤០ពាន់លានដុល្លារ ហើយក៏ជាស្តេចដែលមានជាងគេបំផុតលើពិភពលោកផងដែរ។
ព្រះអង្គកំពុងកាន់កាប់ដីធ្លី លាតសន្ធឹងលើផ្ទៃក្រឡា ១៦ ២១០អានៅទូទាំងប្រទេសថៃ រួមទាំងអចលនទ្រព្យចំនួន ១៧ ០០០កន្លែងត្រឹមតែក្នុងទីក្រុងបាងកកតែមួយ។ ទន្ទឹមនឹងទ្រព្យដ៏ច្រើនបែបនេះ ប្រភពចំណូលរបស់ទ្រង់ក៏អាចរួមចំណែកភាគច្រើនមកពីភាគហ៊ុន ដែលព្រះអង្គកាន់កាប់ចំនួន២៣% នៅក្នុងធនាគារ Siam Commercial Bank ជាគ្រឹះស្ថានហិរញ្ញវត្ថុធំទីពីរប្រចាំប្រទេសថៃ និងមានភាគហ៊ុនចំនួន៣៣,៣% នៅក្នុងក្រុមហ៊ុនយក្ស Siam Cement Group ។ បន្ថែមពីអនុភាពរបស់ព្រះអង្គក្រោមកិត្តិស័ព្ទជាព្រះមហាក្សត្រថៃ ទ្រង់ក៏ជាម្ចាស់ត្បូង Golden Jubilee មានទម្ងន់ ៥៤៥,៦៧ការ៉ាត់ ដែលត្រូវបានគេចាត់ទុកថាជាពេជ្រដ៏ធំបំផុត និងមានតម្លៃថ្លៃបំផុតលើពិភពលោកផងដែរ។
ជារឿងគួរឲ្យកត់សំគាល់ ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន មាននូវយន្តហោះផ្ទាល់ខ្លួនចំនួន ៣៨គ្រឿងរាប់បញ្ចូលទាំង Boeing, Airbus ក៏ដូចជា Sukhoi Superjets និងឧទ្ធម្ភាគចក្រចំនួន ២១គ្រឿងទៀត។ ក្រៅពីភាពទំនើបស៊ីវិល័យនៅលើលំហអាកាស ព្រះអង្គក៏មានរថយន្តទំនើបៗជាង ៣០០គ្រឿង ហើយមានផងដែរនូវទូកចំនួន ៥២គ្រឿង ដែលតុបតែងស្រោបចម្លាក់មាសយ៉ាងល្អអស្ចារ្យ។
សូមជម្រាបជូនថា ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន ទ្រង់ប្រសូត្រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥២ ហើយបានឡើងសោយរាជ្យសម្បត្តិបន្តពីព្រះអង្គម្ចាស់ Bhumibol Adulyadej ចាប់តាំងពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ តរៀងមក៕