កូរ៉េខាងត្បូង ហាមឃាត់ប្រធានាធិបតីលោក Yoon Suk Yeol ក្នុងការធ្វើដំណើរចាកចេញពីប្រទេស

អន្តរជាតិ

យោងតាមមន្រ្តីក្រសួងយុត្តិធម៌ បាននិយាយកាលពីថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចាកចេញពីប្រទេសនោះឡើយ ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើង ដើម្បីឲ្យរូបលោកចុះចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងទៀតថា លោក Yoon បានក្លាយជាគោលដៅមួយនៅក្នុងការស៊ើបអង្កេត ជុំវិញការប្រកាសចេញច្បាប់អាជ្ញាសឹកដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ មុនពេលសម្រេចលុបចោលវិញ នៅត្រឹមតែប៉ុន្មានម៉ោងក្រោយ ស្របពេលមេដឹកនាំរូបនេះ ត្រូវបានរងការចោទប្រកាន់ពីបទរំលោភអំណាច និងបទចោទប្រកាន់ផ្សេងៗមួយចំនួនទៀត។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងកិច្ចប្រជុំមួយនៅក្នុងសភា លោក Oh Dong-woon ប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានស្នើឲ្យមានការរឹតត្បិតចំពោះការធ្វើដំណើររបស់ប្រធានាធិបតីលោក Yoon Suk Yeol ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Bae Sang-up បានប្រាប់គណៈកម្មាធិការជាតិថា ដីកាហាមឃាត់ការធ្វើដំណើររបស់លោក Yoon នេះ ត្រូវបានអនុម័ត ដើម្បីបន្តដំណើរការស៊ើបអង្កេតជុំវិញបទចោទប្រកាន់ខាងលើ។

ជម្រាបជូនផងដែរថា លោក Yoon បានចេញមុខសុំទោសចំពោះការដាក់ចេញច្បាប់អាជ្ញាសឹករបស់ខ្លួននេះ ហើយបាននិយាយថា លោកនឹងដកខ្លួនចេញពីកិច្ចការងាររដ្ឋផ្សេងៗ ដែលរួមមានទាំងកិច្ចការការទូត ផងដែរ ដោយនឹងប្រគល់តួនាទីទាំងនេះទៅឲ្យគណបក្សអំណាចប្រជាជន (PPP) រាប់រងជំនួសវិញ ប៉ុន្តែលោកមិនទាន់លាលែងពីតំណែងជាប្រធានាធិបតីនៅឡើយនោះទេ៕