ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក្រុមហ៊ុនខនហ្វីរេល បានបង្ហាញបំណងធ្វើឱ្យផលិតផលប្រហុកក្រៀមរបស់ខ្លួនក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្ត ដើម្បីបង្កើនតម្លៃ បង្កើនទំនុកចិត្តលើគុណភាព និងជំរុញការនាំចេញ។
ការបង្ហាញបំណងរបស់លោកឧកញ៉ា ធ្វើឡើងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងបង្ហាញពីវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ជូនលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនេះ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបង្ហាញពីវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ខនហ្វីរេល និងបានបង្ហាញពីពំណងធ្វើឱ្យផលិតផលប្រហុកក្រៀមរបស់ខ្លួនក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្ត ដើម្បីបង្កើនតម្លៃ បង្កើនទំនុកចិត្តលើគុណភាព និងជំរុញការនាំចេញទៅក្រៅប្រទេស។
គួរបញ្ជាក់ថា លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ជាម្ចាស់សហគ្រាសផលិតឱសថដ៏ធំ ដែលបាននាំចេញឱសថកម្ពុជាជាង ២០០មុខ ទៅកាន់ ១៥ប្រទេស។ បច្ចុប្បន្នលោកឧកញ៉ា កំពុងផលិតឱសថចេញពីរុក្ខជាតិជាច្រើនមុខទៀត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕