លោកជំទាវ ឧកញ៉ាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ និងជាស្ថាបនិករាជិនីលង្វែក បានផ្ដួចផ្ដើមប្រារព្ធធ្វើបុណ្យទេសនាមហាជាតក រយៈ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅរមណីយដ្ឋានរាជិនីលង្វែក។
លោកជំទាវ ឧកញ៉ាកិត្ដិបណ្ឌិត សៀង ចាន់ហេង រួមជាមួយព្រះសង្ឃ ពុទ្ធបរិស័ទទាំងជិត ទាំងឆ្ងាយ បានរួមមតិគ្នាប្រារព្ធធ្វើឡើងនៅពិធីបុណ្យទេសនាមហាជាតក ដែលជាបុណ្យមួយធ្វើឡើងដើម្បីអប់រំ បន្ទំនិស្ស័យឱ្យមនុស្សមានការសង្រ្គោះតាមរយៈការឱ្យទាន។
ពិធីបុណ្យនេះ នឹងប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានរាជិនីលង្វែក នៅចំណុចគីឡូម៉ែត្រលេខ៣៣ ផ្លូវជាតិលេខ៥ នៅភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
សូមជម្រាបជូនថា ពិធីបុណ្យទេសនាមហាជាតក ធ្វើឡើងដោយហេតុ៤យ៉ាង គឺ៖ ១, ដើម្បីអប់រំបន្ទំឧបនិស្ស័យពុទ្ធបរ័ទឱ្យចេះធ្វើបុណ្យសុំទាន សង្រ្គោះដល់ជនក្រីក្រ ២, ដើម្បីប្រារព្វដល់ភ្លៀងសួរគ៌មួយឈ្មោះ បោក្ខពស៌ ៣, ដើម្បីជាការលើកតម្កើងនូវតម្លៃអក្សរសិល្ប៍ អក្សរសាស្រ្ដជាតិខ្មែរ។ ៤, ដោយសាស្រ្ដាមាល័យសម្ដែងថា មានឧបាសក ឧបាសិកា ចង់ទាន់សាសនាព្រះសិអារ្យមេត្រី តើឱ្យធ្វើបុណ្យអ្វី? ទើបព្រះពោធិសត្វ សម្ដែងថា ឱ្យឧបាសក ឧបាសិកា ឧស្សាហ៍ស្ដាប់ និងបូជានូវព្រះធម៌ទេសនាវេស្សន្ដរជាតក ព្រោះហេតុដូច្នេះ ទើបគេប្រាព្វធ្វើបុណ្យទេសនាមហាវេស្សរន្ដជាតកនេះមិនដែលខាន។
នៅក្នុងពិធីបុណ្យនេះមានការតាក់តែងកន្លែងទេសនាយ៉ាងស្រស់ល្អ ដោយយកដើមឈើផ្សេងៗ មានដើមទន្សែ អំពៅ ដើមចេក និងរៀបចំចងផ្លែឈើផ្លែព្រៃបីដូចនឹងព្រៃភ្នំគិរីវង្គត មានពាង អាង ថ្លាង រៀបចំដាក់ផ្កាឈូក ស្លឹកឈូក ផ្កាថ្ម ដាក់ត្រី តំណាងឲ្យស្រះស្រង់បោក្ខរណី ស្រះមុជលិន្ទ មានដងរែក អម្រែក តាក់តែងយ៉ាងវិចិត្រ មានរៀបចំដាក់រូបសត្វហេមពាន្ត ចងរូបសត្វធ្វើអំពីស្លឹកដូង ស្លឹកត្នោត ដែលជាល្បែងលេងរបស់ចៅក្រស្នា បាជាលី និងមានចងព្រះបត់ទាំង13ផ្ទាំង ទាក់ទងនឹងរឿងព្រះមហាវេស្សន្តរ៕
ប្រភពរូបភាព៖ Sang Sam Ang