ADB បានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងវិញនៅឆ្នាំក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ADB បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនស្ទុះងើបឡើងវិញ ៥.៤ ភាគរយនៅឆ្នាំ២០២១ ខណៈឆ្នាំ២០២០ ធ្លាក់ចុះក្នុងរង្វង់ -៤.០% ដោយសារជួបវិបត្តិជំងឺឆ្លងកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយរបស់ ADB លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងរង្វង់ -៤.០% ប៉ុន្តែនៅឆ្នាំក្រោយនេះនឹង មាន កំណើន ឡើងវិញ ដោយសារ កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។

ADB បានព្យាករណ៍ថា សេដ្ឋកិច្ចតំបន់អាស៊ីវិញនឹងធ្លាក់ចុះ -០,៤% ឆ្នាំនេះ ប៉ុន្តែនឹងកើនឡើងដល់ ៦,៨% នៅឆ្នាំ ២០២១ ព្រោះទស្សនវិស័យសេដ្ឋកិច្ចរបស់អាស៊ីកំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើងខណៈពេលដែលការបិទខ្ទប់មួយចំនួនបានបន្ធូរបន្ថយ ហើយពាណិជ្ជកម្មចាប់ផ្តើមងើបឡើងវិញ។

ធនាគារពិភពលោក កាលពីដើមខែកញ្ញា បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំនេះនឹងធ្លាក់ចុះ-២ភាគរយ។ រីឯមូលនិធិរូបិយវត្ថុអន្តរជាតិIMF ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ -១.៥ភាគរយខណៈរដ្ឋាភិបាលកម្ពុជានៅតែរក្សាការព្យាករណ៍លើសេដ្ឋកិច្ចរបស់ខ្លួនដូចលើកមុនដដែល ពោល គឺកម្ពុជាវាយតម្លៃថា សេដ្ឋកិច្ចនឹងធ្លាក់ចុះមក-១.៩ភាគរយនៅក្នុងឆ្នាំ២០២០នេះដោយសារតែវិបត្តិកូវីដ១៩ ហើយនៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងងើបមកវិញក្នុងរង្វង់៣.៥ភាគរយ៕