សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយ សភាឧស្សាហកម្មតួកគី ដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា និងសភាឧស្សាហកម្មក្រុងអង់ការ៉ា នៃប្រទេសតួកគី នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយ សភាឧស្សាហកម្មតួកគី ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះអនុស្សរណៈនេះ នឹងត្រូវធ្វើឡើងនៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា៖ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដឹកនាំដោយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញអមដំណើរ សម្តេចតេជោប្រធានព្រឹទ្ធសភា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ គណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEiK) រៀបចំវេទិកាធុរកិច្ចកម្ពុជាតួកគី ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការសភាឧស្សាហកម្មអង់ការ៉ា ។ វេទិកាធុកិច្ចនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាលតួកគីនិងធុរជនតួកគីនិងកម្ពុជា។

នៅក្នុងវេទិកានោះ ភាគីទាំងពីរនឹងជួបគ្នាពិភាក្សាអំពីសក្តានុពលប្រទេសទាំងពីរ និង ស្វែងរកកាលានុវត្តភាពវិនិយោគ។ ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយ សភាឧស្សាហកម្មអង់ការ៉ា ផងដែរ ក្នុងគោលបំណងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ៕