មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម គាំទ្រការបង្កើនផលិតកម្មជីសរីរាង្គក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុកចំនួន៣ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ ច័ន្ទវាសនា បានបញ្ជាក់ថា ផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតដោយសារមានតម្លៃទាបជាងជីនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ និងបរិស្ថាននៅតាមទីប្រជុំជន តាមរយៈការប្រមូលកាកសំណល់នានាមកធ្វើជាវត្ថុធាតុដើម បង្កើតការងារក្នុងស្រុក បង្កើនប្រាក់ចំណេញ និងលើកកម្ពស់កម្រិតជីវភាពកសិករ និងចូលរួមធានានិរន្តរភាពគុណភាពដីកសិកម្ម។

ជាមួយគ្នានោះ លោកក៏បានទទួលសំណូមពរមួយចំនួនយកទៅសិក្សា ដើម្បីពិនិត្យលទ្ធភាពបង្កើនការគាំទ្រដល់ផលិតកម្មជីសរីរាង្គក្នុងស្រុកផងដែរ។

គួរជម្រាបថា ការធ្វើទស្សនកិច្ចនេះ គឺដើម្បីគាំទ្រការបង្កើនផលិតកម្មជីសរីរាង្គក្នុងស្រុក សំដៅកាត់បន្ថយចំណាយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញរបស់ប្រជាកសិករ និងកាត់បន្ថយការពឹងផ្អែកលើជីនាំចូលពីបរទេស ដែលនេះជាការតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងការតម្រង់ទិសបន្ថែមពីរដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏ដូចជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញអភិវឌ្ឍន៍វិស័យកសិកមុ្ម៕