លោក Kishin RK ដែលបច្ចុប្បន្នគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យដ៏ជំបំផុតរួមជាមួយឪពុករបស់ខ្លួន ត្រូវបានចាត់ទុកថាជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ប្រទេសសិង្ហបុរីដែលមានទ្រព្យសម្បត្តិសរុបដល់ទៅ ១,៦ពាន់លានដុល្លារអាមេរិក នៅក្នុងវ័យត្រឹម ៤១ឆ្នាំ។
ថ្វីត្បិតតែជាកូនប្រុសតែម្នាក់គត់របស់មហាសេដ្ឋីអចលនទ្រព្យសិង្ហបុរី លោក Raj Kumar ក៏ដោយ ប៉ុន្តែ Kishin មិនបានពឹងផ្នែកទៅលើមុខជំនួញទាំងស្រុងរបស់គ្រួសារគេនោះឡើយ ពោលគឺបានទៅបង្កើតអាជីវកម្មថ្មីបន្ថែមទៀត ដែលទទួលបានភាគជោគជ័យយ៉ាងខ្លាំង។
ចំពោះផ្នែកសិក្សា លោក Kishin បានចូលរៀននៅសាលាអង់គ្លេស-ចិនឥស្សរជន (បច្ចុប្បន្នប្តូរទៅជាសាលាឯករាជ្យ) កំឡុងពេលរូបគេនៅក្មេង ហើយត្រូវបានណែនាំឲ្យចូលប្រឡូកក្នុងពិភពអចលនទ្រព្យ នៅអាយុ ១២ឆ្នាំ នៅពេលដែលឪពុករបស់គេ បានជួយទិញផ្ទះអាផាតមិនដំបូងរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះ Kishin ក៏បានចាប់ផ្តើមចូលរួមជាមួយឪពុករបស់ខ្លួន នៅក្នុងកិច្ចប្រជុំអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុនផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានTatler Asia ។
ក្រោយទទួលបានបទពិសោធជាច្រើន លោក Kishin បានសម្រេចចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់ឪពុកខ្លួនជាលើកដំបូង ក្នុងឆ្នាំ ២០០៣ បន្ទាប់ពីទទួលបានសញ្ញាបត្រផ្នែកមុខជំនួញ។ បីឆ្នាំក្រោយមក រូបគេបានសម្រេចចិត្តលក់អាផាតមិនទំហំ ៥ពាន់ម៉ែត្រការ៉េ ដែលជាអំណោយពីឪពុកម្តាយរបស់ខ្លួន ដើម្បីប្រើប្រាស់មូលនិធិនេះទៅបើកដំណើរការក្រុមហ៊ុន RB Capital ។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន RB Capital គឺផ្តោតសំខាន់លើការអភិវឌ្ឍន៍អចលនទ្រព្យ ដោយទទួលយកគម្រោងនៅទូទាំងផ្នែកជាច្រើន រួមទាំងកន្លែងលក់រាយ អគារការិយាល័យ និងសណ្ឋាគារ ជាដើម។
ទន្ទឹមនឹងនេះ បើតាមទស្សនាវដ្ដី Forbes បានរាយការណ៍ថា លោក Kishin ក៏បានពង្រីកខ្លួនទៅកាន់វិស័យផ្សេងទៀត ដោយបានបង្កើតក្រុមហ៊ុនចែកចាយអាហារតាមអ៊ីនធឺណិត TiffinLabs ក្នុងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ-១៩ រំខានដល់សេដ្ឋកិច្ចពិភពលោក។ ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ បានពង្រីកអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេសសិង្ហបុរី និងទៅកាន់ប្រទេសថៃ និងម៉ាឡេស៊ី បន្ថែមទៀត។
ជម្រាបជូនផងដែរថា ទាំងក្រុមហ៊ុន RB Capital របស់លោក Kishin និង Royal Holdings របស់លោក Raj Kumar ឥឡូវនេះគ្រប់គ្រងផលប័ត្រអចលនទ្រព្យដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ ១០ពាន់លានដុល្លារ នៅក្នុងប្រទេសសិង្ហបុរី ដែលក្នុងនោះរួមមានអគារការិយាល័យ ផ្សារទំនើប និងសណ្ឋាគារជាច្រើន ផងដែរ៕