សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងអំពើជួញដូរមនុស្សគ្រប់ប្រភេទ ខណៈបញ្ហាការជួយដូរមនុស្សនេះ បានកំពុងកើតឡើងគួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូលនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបែបនេះ នៅក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា កិច្ចការប្រឆាំង និងទប់ស្កាតការជួញដូរមនុស្ស គឺកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយសម្តេច ទទួលស្គាល់ថា បញ្ហានៃការជួញដូរមនុស្សពិតជាមាននៅកម្ពុជា ប៉ុន្តែមិនដូចរបាយការណ៍មូលបង្កាចមួយចំនួននោះឡើយ ខណៈរបាយការណ៍ទាំងនោះ គឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជាសុទ្ធសាធ។
ទន្ទឹមគ្នានេះ សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រឆាំងឱ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្សគ្រប់ប្រភេទ ហើយសម្តេច រំពឹងថា ប្រទេសជាមិត្តក៏នឹងមានការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋរៀងៗខ្លួន។
តាមរយៈកម្មវិធីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឱ្យគ្រប់ស្ថាប័នទាំងអស់ ជាពិសេសក្រសួងមហាផ្ទៃតែម្តង ត្រូវមានការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះបុគ្គលណា ដែលមានចេតនាបង្ខូច កិត្តិយសកម្ពុជា ដើម្បីតែផលប្រយោជន៍ខ្លួន។លើសពីនេះ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមប្រឆាំង និងទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្ម និងអំពើជួញដូរមនុស្សគ្រប់ប្រភេទ ដើម្បីលុបបំបាត់ឱ្យអស់នៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន