នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk បានក្លាយជាបុគ្គលដំបូងគេនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបកើនឡើងដល់ចំនួន ៤០០ពាន់លានដុល្លារ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថា ជុំវិញការកើនឡើងទ្រព្យសម្បត្តិរបស់លោក Musk នេះ បានកើតឡើង បន្ទាប់ពីមហាសេដ្ឋីអាមេរិក លក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនអវកាស SpaceX ដោយបានបន្ថែមទឹកប្រាក់ដល់ទៅ ៥០ពាន់លានដុល្លារ ចូលក្នុងហោប៉ៅរបស់អ្នកមានបំផុតដាច់គេលើលោករូបនេះ។
ប្រភពខាងលើ បានបង្ហាញឲ្យដឹងទៀតថា ទ្រព្យសម្បត្តិសរុបរបស់លោក Musk ឥឡូវនេះ មានចំនួនសរុបដល់ទៅ ៤៤៧ពាន់លានដុល្លារ ពោលគឺស្ទើតែខ្ពស់ជាង ៨០% នៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេទីពីរលើលោក គឺស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ។
ជម្រាបជូនផងដែរថា ការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏បានជួយបង្កើនទ្រព្យសម្បត្តិរបស់លោក Musk ដល់ ៧១% នៅឆ្នាំ២០២៤នេះផងដែរ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០២១ មក៕