ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “គ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាមួយចំនួន អញ្ជើញចូលរួមក្នុង ពិធីបើកសម្ភោធដាក់ឲ្យដំណើរការផ្លូវការ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងការចូលទស្សនាមន្ទីរពិសោធន៍ជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
ពិធីបើកសម្ពោធដាក់ឲ្យដំណើរការផ្លូវការដែលធ្វើឡើងនៅមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ ក៏មានការចូលរួមផងដែរពីសំណាក់ ក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, មន្ត្រីពាក់ព័ន្ធនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងសមាគម និងក្រុមហ៊ុនពីវិស័យឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីប្រកាសពិធីបើកសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ នឹងបើកទ្វារស្វាគមន៍សាធារណជន ដែលមានបំណងចង់ចូលរួមទស្សនា និងស្វែងយល់ពីសមត្ថភាពដ៏ទំនើបរបស់មន្ទីរពិសោធន៍នៅទីតាំងផ្ទាល់ផងដែរសម្រាប់រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ១២-១៣ ខែធ្នូ ឆ្នាំ២០២៤។ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ នឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញនវានុវត្តន៍ និងគាំទ្រដល់វិស័យឧស្សាហកម្មកម្ពុជាសម្រាប់ទាំងទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញ៕