លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា សម្រេចបានប្រមាណ៥០,៤៥ប៊ីលានដុល្លារអាម៉េរិក ដែលនៅក្នុងនោះការនាំចេញមានប្រមាណជា២៤,៣៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៤,៣៦% និងការនាំចូលមានចំនួនប្រមាណ២៩,០១ប៊ីលានដុល្លារអាម៉េរិក កើនឡើង១២,៤៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
លោកស្រីរដ្ឋមន្រ្តីថ្លែងបែបនេះនៅក្នុងពិធីសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបន្តអនុវត្តន៍អនុសាសន៍ដ៏ថ្លៃថ្លាក្នុងការរក្សាទីផ្សារចាស់ បង្កើតទីផ្សារថ្មី ជាមួយប្រព័ន្ធតួអង្គសកម្មជាច្រើន ជាពិសេសវិស័យឯកជនផ្ទាល់សំដៅជំរុញការធ្វើពាណិជ្ជកម្មឱ្យមានភាពធន់ និងបរិយាប័ន្នក្នុងបរិបទដែលពាណិជ្ជកម្មសាកលលោកនៅមានភាពមិនប្រាកដប្រជា។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ៤៩,៨៧ ពាន់លានដុល្លារ កើនឡើង ១៧,៤ ភាគរយពីចំនួន ៤២,៥ ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ។ ក្នុងនោះទំនិញកម្ពុជានាំទៅក្រៅប្រទេសមាន ២៣,៩៣ ពាន់លានដុល្លារ កើនឡើង ១៦,៨ ភាគរយ និងទំនិញនាំចូល ២៥,៩៤ ពាន់លានដុល្លារ កើន ១៧,៩ ភាគរយ។
សូមបញ្ជាក់ថា មុខទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ, ផលិតផលកសិកម្ម ដែលមានដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ, គ្រឿងសង្ហារឹម, សំបកកង់រថយន្ត, បន្ទះសូឡា, កង់, សម្ភារៈអគ្គិសនី, គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត ជាដើម។
ខណៈដែលកម្ពុជា នាំចូលមកវិញរួមមាន វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ប្រេងឥន្ធនៈ, គ្រឿងអេឡិចត្រូនិក, យានយន្ត និងគ្រឿងចក្រ, សម្ភារសំណង់, គ្រឿងឧបភោគបរិភោគ និងគ្រឿងសម្អាង និងឱសថ និងបរិក្ខាពេទ្យ ជាដើម៕