យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិក បានរាយការណ៍ឲ្យដឹងថា លោក ដូណាល់ ត្រាំ គ្រោងអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជិនពីង ឲ្យមកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការរបស់ខ្លួន នៅខែក្រោយ។
បើតាមការចុះផ្សាយពីសារព័ត៌មាន CBS News នៅថ្ងៃទី១១ ខែធ្នូ បានបង្ហាញឲ្យដឹងទៀតថា ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មីរូបនេះ បានអញ្ជើញលោក ស៊ី ម្តងរួចមកហើយ អំឡុងការបោះឆ្នោតត្រូវបានបញ្ចប់ភា្លមៗ នៅក្នុងខែវិច្ឆិកា។ ប៉ុន្តែទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា តើមេដឹកនាំចិនរូបនេះព្រមមទទួលយកការអញ្ជើញឬក៏អត់នោះទេ។
គួរឲ្យដឹងផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន មានភាពតានតឹងយ៉ាងខ្លាំង ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម នៅពេលដែលមេដឹកនាំអាមេរិករូបនេះ បានដាក់ពន្ធលើទំនិញនាំចូលជាច្រើនពីប្រទេសចិន ដែលបណ្តាលឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងធ្វើការឆ្លើយតបវិញ។
យ៉ាងណាមិញ នៅមុនអាណត្តិថ្មី លោក ត្រាំ បានគំរាមដំឡើងពន្ធលើទំនិញរបស់ចិនម្តងទៀត។ ស្របពេលសហរដ្ឋអាមេរិក ក៏បានបញ្ជាឲ្យ ByteDance ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមចិន TikTok លក់កម្មវិធីរបស់ខ្លួនត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំក្រោយ បើមិនចង់ប្រឈមមុខទៅនឹងការហាមឃាត់ នៅសហរដ្ឋអាមេរិក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែប្រកាន់ជំហរថា អស់ពេលជាយូរមកហើយការកសាងទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំធំៗលើពិភពលោក គឺជាគន្លឹះក្នុងការឈានដល់កិច្ចព្រមព្រៀងអន្តរជាតិ។ ហើយចាប់តាំងពីការបោះឆ្នោតមក មេដឹកនាំពិភពលោកជាច្រើន បានធ្វើដំណើរទៅកាន់ទីក្រុង Mar-a-Lago ដើម្បីជួបជាមួយប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មីរូបនេះ ដោយក្នុងនោះក៏រួមទាំងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei ផងដែរ៕