សម្តេចធិបតី ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ដើម្បីធានាទីផ្សារផលិតផលខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងពាណិជ្ជកម្មគប្បីបន្តពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី ដើម្បីធានាទីផ្សារផលិតផលខ្មែរទាំងក្នុងតំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ ឆ្នាំ២០២៤ កាលព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី មានមោទនភាព ចំពោះនិស្សិតខ្មែរ ដែលបាន បង្កើតឧបករណ៍ទំនើបនានា ដើម្បីបម្រើដល់សាធារណជន ក្នុងនោះមានដូចជា ការស្កេន ដើម្បីទិញ តែក្រូចឆ្មារ និងប្រព័ន្ធបញ្ជាទិញទំនើបៗនានាជាច្រើនទៀត។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបង្ហាញនូវមោទនភាព ចំពោះសិប្បករខ្មែរនានាជាច្រើន ដែលបានប្រឹងប្រែងផលិតនូវផលិតផលកែច្នៃជាច្រើនសម្រាប់ បម្រើទីផ្សារក្នុងប្រទេស និងនាំចេញ។ជាមួយគ្នានេះ សម្តេចក៏បានថ្លែងកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំការតាំងពិព័រណ៍បានយ៉ាងល្អ ខណៈការរៀបនេះ បានធ្វើទំនើបកម្មច្រើន មានទាំងផលិតផលក្នុងស្រុក និងក្រៅស្រុក។

ឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានបានណែនាំឲ្យក្រសួងពាណិជ្ជកម្មគប្បីបន្តពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី ហើយគប្បីត្រូវខិតខំធ្វើយ៉ាងណា នាំផលិតផលខ្មែរ យកទៅខាងក្រៅឱ្យកាន់តែច្រើន បន្ថែមទៀត ជាមួយនឹងការធានានូវគុណភាព និងប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»។ ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រៀបចំនៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ៕អត្ថបទ៖ ហ្សាលីន