ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។
ក្នុងសុន្ទរកថាគន្លឹះសម្រាប់អង្គពិធី សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃថ្នាលឌីជីថលនេះ ថាជាយន្តការផ្តល់អត្តសញ្ញាណផ្លូវការ សម្រាប់ការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចធិបតី បានមានប្រសាសន៍ថា៖ “ការរៀបចំ និងដាក់ឱ្យដំណើរការ ថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរ។”
ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។
ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់។ ការចុះឈ្មោះនេះមិនត្រឹមតែដើម្បីឱ្យទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថសក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី (Upskill and Reskill)។ ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមានសមត្ថភាព និងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារ សម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។ មិនតែប៉ុណ្ណោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account – គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ថ្នាលឌីជីថលនេះនឹង
ផ្តល់ជាដំណោះស្រាយមួយសម្រាប់បញ្ហាកង្វះទិន្នន័យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកន្លងមក។
លោកបានបន្ថែមថា៖ “ទិន្នន័យតាមទម្រង់ឌីជីថល ហើយដែលត្រូវអាចចែករំលែកផ្លាស់ប្តូរគ្នាបាន នឹងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាជួយលើកកម្ពស់ផលិតភាព ពង្រីកមុខរបរ និងការប្រកួតប្រជែង រហូតដល់ពួកគាត់អាចសមាហ
រ័ណខ្លួនជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ស្របតាមយុទ្ធសាស្រ្តជាតិដែលបានកំណត់។”
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តល់មធ្យោបាយចុះឈ្មោះច្រើនជម្រើស ដោយ ឥតបង់ថ្លៃសេវា និងតាមការស្ម័គ្រចិត្ត ដោយផ្តោតលើក្រុមគោលដៅដូចជា សហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យោងតាមអង្កេតកម្លាំកពលកម្មកម្ពុជា ឆ្នាំ២០១៩ កម្ពុជាមានកម្លាំងពលកម្មប្រមាណ ៧,៩ លាននាក់ ដោយក្នុងនោះ ២១,៥% (ឬ ១,៧ លាននាក់) ធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លាំងពលកម្មដ៏ច្រើន គឺ ៦,២ លាននាក់ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនខ្វះលទ្ធភាពទទួលបានសេវាសំខាន់ៗ ដែលធ្វើឱ្យពួកគេងាយរងគ្រោះដោយសារវិបត្តិ៕ដោយ:សុភក្ត្រា