ក្រុមហ៊ុនបណ្តាញទូរទស្សន៍ ABC News បានយល់ព្រមបង់ប្រាក់សំណងចំនួន ១៥លានដុល្លារ ទៅកាន់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់សំណុំរឿងបរិហារកេរ្តិ៍របស់ខ្លួន បន្ទាប់ពីពិធីកររបស់ពួកគេម្នាក់បាននិយាយពាក្យមិនពិតជុំវិញករណីរំលោភបំពានរបស់លោក ត្រាំ នាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។
គួរឲ្យដឹងផងដែរថា ក្នុងអំឡុងពេលបទសម្ភាសន៍មួយកាលពីថ្ងៃទី១០ ខែមីនាកន្លងទៅ លោក George Stephanopoulos ដែលជាពិធីករដ៏ល្បីឈ្មោះរបស់បណ្តាញសារព័ត៌មាន ABC ធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀត ក្នុងគោលដៅវាយប្រហារទៅលើលោក ត្រាំ ជុំវិញសំណុំរឿងរំលោភបំពានទៅលើយុវតីម្នាក់ ដែលកើតឡើងតាំងពីឆ្នាំ១៩៩៦ មកម្លេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីលោក ត្រាំ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីនេះ កាលពីដើមខែវិច្ឆិកានេះ តុលាការអាមេរិកក៏បានសមេ្រចបិទបញ្ចប់សំសុំរឿងនេះចោលវិញ ហើយថែមទាំងបានប្រកាសសាលក្រមថា លោក ត្រាំ មិនបានប្រព្រឹត្តិខុសដូចអ្វីដែលធ្លាប់បានចោទប្រកាន់នោះឡើយ។
យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ ខាងបណ្តាញសារព័ត៌មាន ABC News បានទទួលស្គាល់ពីកំហុសរបស់ខ្លួន ជាមួយនឹងការយល់ព្រមផ្តល់សំណងជាទឹកប្រាក់ ១៥លានដុល្លារ ទៅក្នុងមូលនិធិរបស់ប្រធានាធិបតី។
ជម្រាបជូនផងដែរថា ក្រៅតែពីត្រូវបង់ប្រាក់ទៅឲ្យដើមបណ្តឹងចំនួន ១៥លានដុល្លារហើយ បណ្តាញទូរទស្សន៍ ABC ក៏ត្រូវបានតុលាការបញ្ជាឲ្យបង់ប្រាក់ចំនួន ១លានដុល្លារផ្សេងទៀតសម្រាប់ថ្លៃសេវាមេធាវីរបស់លោក ត្រាំ នៅក្នុងសំណុំរឿងនេះផងដែរ៕