កម្របានឃើញ! មហាសេដ្ឋីមានដាច់គេនៅហុងកុង ពាក់នាឡិកាដៃរបស់ក្រុមហ៊ុន Apple ជាលើកដំបូង

អន្តរជាតិ

លោក Li Ka Shing ដែលត្រូវបានគេចាត់ទុកជាមហាសេដ្ឋីមានដាច់គេបំផុតរបស់ហុងកុង ជាមួយនឹងទ្រព្យសម្បត្តិសរុបមានចំនួនរហូតដល់ទៅ ៣៦ពាន់លានដុល្លារ ថ្មីៗនេះ​ត្រូវបានគេប្រទះឃើញពាក់នាឡិកាដៃរបស់ក្រុមហ៊ុន Apple ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបភាពមួយសន្លឹងដែលត្រូវបានចែកចាយដោយលោកស្រី Zhen Xu សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Michigan កាលពីដើមខែនេះ បានបង្ហាញថា លោក Li បានផ្លាស់ប្តូរមកពាក់នាឡិកាដៃ Apple Watch ជំនួសវិញ បន្ទាប់ពីមហាសេដ្ឋីរូបនេះ ត្រូវបានគេស្គាល់ថាជាមនុស្សមិនងាយនឹងប្តូរនាឡិកាដៃដែលខ្លួនពាក់នោះឡើយ ជាពិសេសម៉ាក Citizen ដែលលោកប្រើប្រាស់វាអស់រយ:ពេលជាច្រើនឆ្នាំមកហើយ។

មិនតែប៉ុណ្ណោះ លោក Louis Kraar អ្នកសារព័ត៌មានអាស៊ីរបស់ទស្សនាវដ្ដី Fortune and Time បានបង្ហើបប្រាប់ឲ្យដឹងថា នៅដែលលោកបានជួបជាមួយ លោក Li ដំបូង គាត់ពាក់តែនាឡិកាដៃធម្មតាមួយប៉ុណ្ណោះ ដែលមានតម្លៃត្រឹមតែ ៥០ដុល្លារ។

គួរឲ្យដឹងថា មហាសេដ្ឋីរូបនេះ ត្រូវបានគេថតរូបជាប់ជាញឹកញាប់ ជាមួយនឹងនាឡិកាដៃសាមញ្ញមួយម៉ាក Citizen នៅលើដៃរបស់គាត់ជាប់ជានិច្ច ខណ:ក្នុងបទសម្ភាសមួយ លោកបាននិយាយថាមិនចាំបាច់ត្រូវប្រុងប្រយ័ត្នអ្វីច្រើននោះឡើយ ដែលនេះហើយគឺជាមូលហេតុដែលលោកមិនសូវពាក់នាឡិកាដៃមានតម្លៃថ្លៃៗ។

ជម្រាបជូនផងដែរថា លោក Li Ka Shing ក្តោបក្តាប់ទៅលើមុខជំនួញជាច្រើននៅក្នុងវិស័យឧស្សាហកម្ម រួមទាំងការដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ ការលក់រាយ និងថាមពល និងឧបករណ៍ប្រើប្រាស់ជាច្រើន។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានប៉ាន់ស្មានថាមានចំនួន ៣៥,៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោក Li ក្លាយជាអ្នកមានបំផុតនៅហុងកុង និងជាអ្នកមានបំផុតទី៤៩ នៅលើពិភពលោក៕