វៀតណាម ត្រូវការយ៉ាងហោចណាស់ ១៤ពាន់លានដុល្លារ ដើម្បីសង់ស្ថានីយសាកថ្មEV នៅទូទាំងប្រទេស

អន្តរជាតិ

យោងតាមអ្នកជំនាញបានបង្ហាញឲ្យដឹងថា ប្រទេសវៀតណាម នឹងត្រូវការទឹកប្រាក់យ៉ាងហោចណាស់ ១៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញស្ថានីយសាកថ្មរថយន្ត EV នៅទូទាំងប្រទេស ក្នុងគោលដៅដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ផែនការដ៏ធំនេះ ត្រូវបានគេរំពឹងទុកខ្ពស់ថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ទីផ្សាររថយន្តអគ្គិសនី (EV)។ សម្រាប់ការងាកទៅប្រើប្រាស់រថយន្ត EV គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយឆ្ពោះទៅរកគោលដៅបំភាយកាបូនកម្រិតសូន្យរបស់វៀតណាម និងការការពារបរិស្ថាន ហើយវាក៏នឹងជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ ជាពិសេសក្នុងការកាត់បន្ថយថ្លៃដើមនាំចូលប្រេង និងអាចបង្កើតការងារបានដល់រាប់លានថែមទៀតផង។

យោងតាមរបាយការណ៍ពីធនាគារពិភពលោក បានបង្ហាញឲ្យដឹងថា ដើម្បីអាចឲ្យរថយន្ត EV ក្លាយជាចរន្ត ជាពិសេសក្នុងចំណោមអ្នកទិញរថយន្តលើកដំបូង នោះការសាងសង់ប្រព័ន្ធស្ថានីយសាកថ្ម នឹងដើរតួនាទីយ៉ាងសំខាន់។ គេប៉ាន់ប្រមាណថាវៀតណាមត្រូវការទឹកប្រាក់ ២,២ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ដើម្បីសាងសង់បណ្តាញស្ថានីយសាកថ្មEV នៅតាមទីសាធារណៈ ហើយតួលេខនេះ អាចនឹងកើនឡើងដល់ ១៣,៩ពាន់លានដុល្លារនៅឆ្នាំ២០៤០ និង ៣២,៦ពាន់លានដុល្លារ នៅឆ្នាំ២០៥០ ដើម្បីបំពេញតម្រូវការ EV របស់ប្រជាជនភាគច្រើន។

ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា EV និងនិន្នាការឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតង តម្រូវការសម្រាប់យានជំនិះប្រភេទនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ វាត្រូវបានគេព្យាករថារថយន្ត EV ច្រើនជាង ២,៨លានគ្រឿងនឹងត្រូវប្រើប្រាស់ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ និងកើនដល់ចំនួន ៣លានគ្រឿងបន្ថែមទៀត នៅក្នុងរយៈពេលចម្លោះពីឆ្នាំ ២០៣៦ -២០៥០ ប្រសិនបើការអភិវឌ្ឍន៍បណ្តាញស្ថានីយ៍សាកថ្មEV ត្រូវបានពន្លឿន។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗដូចជា VinFast បានត្រួសត្រាយផ្លូវយ៉ាងសំខាន់ក្នុងវិស័យនេះ មិនត្រឹមតែការវិនិយោគខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តគំរូសិទ្ធិផ្តាច់មុខដែលអាចឲ្យអាជីវកម្ម និងបុគ្គលផ្សេងទៀត អាចចូលរួមក្នុងការអភិវឌ្ឍបណ្តាញសាកថ្មEV ផងដែរ។ ហើយគំរូនេះមិនត្រឹមតែជួយលើកកម្ពស់ដល់ការប្រើប្រាស់រថយន្ត EV ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សានិរន្តរភាពនៃឧស្សាហកម្ម EV នៅវៀតណាមផងដែរ៕