នាយករដ្ឋមន្ត្រី លោក Han Duck-soo កាលពីសប្តាហ៍មុន ត្រូវបានជ្រើសរើសតាំងឲ្យក្លាយជាប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់លោក Yoon Suk Yeol ត្រូវបានសភាអនុម័តសំណើដកតំណែងជាប្រធានាធិបតី ក្រោយស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការចេញច្បាប់អាជ្ញាសឹកដែលនាំឲ្យមានភាពចលាចលទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
បន្ទាប់ពីមានការបោះឆ្នោតរបស់សភាប្រឆាំងនឹងលោក Yoon ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយ:ពេលខ្លី លោក Yoon ឥឡូវនេះ ត្រូវបានព្យួរពីតំណែងជាប្រធានាធិបតីរបស់ខ្លួន ខណ:រដ្ឋធម្មនុញ្ញតម្រូវឲ្យនាយករដ្ឋមន្ត្រី ត្រូវចូលទៅកាន់តួនាទីដ៏សំខាន់នេះជាបណ្តោះអាសន្ន។
គួរឲ្យដឹងផងដែរថា លោក Han Duck-soo បច្ចុប្បន្នវ័យ ៧៥ឆ្នាំ បានបម្រើការនៅក្នុងមុខតំណែងកំពូលអស់រយៈពេលជាង ៣ទសវត្សក្រោមប្រធានាធិបតីប្រាំរូបផ្សេងគ្នា ទាំងក្នុងលទ្ធិអភិរក្សនិយម និងសេរី។
តួនាទីរបស់ លោក Han ក្នុងជួររដ្ឋាភិបាល រួមមានជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំសហរដ្ឋអាមេរិក រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីពាណិជ្ជកម្ម លេខាប្រធានាធិបតីសម្រាប់កិច្ចការសម្របសម្រួលគោលនយោបាយ នាយករដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូតប្រចាំ OECD និងជាប្រធានក្រុមអ្នកគិត និងអង្គការនានា។
ជាមួយនឹងសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Harvard បានធ្វើឲ្យលោក Han ទទួលបានភាពលេចធ្លោខ្លាំង នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត ព្រមទាំងមានកេរ្តិ៍ឈ្មោះសម្រាប់ភាពជាអ្នកដឹកនាំដ៏មានសមត្ថភាព នៅក្នុងនយោបាយកូរ៉េខាងត្បូង។
លោក Han បានធ្វើជានាយករដ្ឋមន្ត្រីរបស់កូរ៉េ ចាប់តាំងពីអាណត្តិរបស់លោក Yoon បានចាប់ផ្តើមនៅឆ្នាំ២០២២ ដែលជាការកាន់តំណែងលើកទីពីររបស់ខ្លួន សម្រាប់តួនាទីនេះ បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីដំបូង ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Roh Moo-hyun ក្នុងចន្លោះឆ្នាំ២០០៧-២០០៨ ។
ក្រៅពីនោះ លោក Han ក៏ធ្លាប់បម្រើការជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនប្រេងរដ្ឋ S-Oil ដែលបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនប្រេងខ្នាតយក្ស Saudi Aramco ផងដែរ។
ជម្រាបជូនថា តួនាទីរបស់លោក Han ក្នុងជាប្រធានាធិបតីស្តីទីនេះ ត្រូវបានគេរំពឹងថានឹងមានរយៈពេលច្រើនខែ រហូតដល់តុលាការធម្មនុញ្ញសម្រេចថាតើត្រូវដកលោក Yoon ឬមួយត្រូវស្ដារអំណាចរបស់គាត់ឡើងវិញ។ ហើយប្រសិនបើ Yoon ត្រូវបានដកចេញ នោះ ការបោះឆ្នោតប្រធានាធិបតីថ្មី នឹងត្រូវធ្វើឡើង៕