គ្រួសារ Hartono របស់ប្រទេសឥណ្ឌូណេស៊ី និងគ្រួសារ Chearavanont របស់ប្រទេសថៃ ជាគ្រួសារមហាសេដ្ឋីនៅតំបន់អាស៊ានតែពីរប៉ុណ្ណោះ ដែលត្រូវបានជាប់នៅក្នុងបញ្ជីឈ្មោះគ្រួសារដែលមានទ្រព្យសម្បត្តិសម្បត្តិច្រើនបំផុតនៅលើពិភពលោកទាំង ២៥ របស់ Bloomberg នៅក្នុងឆ្នាំ២០២៤ នេះ។
យ៉ាងណាមិញ ក្នុងចំណោមគ្រួសារមហាសេដ្ឋីទាំង ២៥ នោះ Bloomberg បានដាក់ឈ្មោះគ្រួសារ Waltons ដែលកាន់កាប់ក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់អាមេរិក Walmart ជាប់នៅចំណាត់ថ្នាក់លេខ១ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៣២ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ គ្រួសារមហាសេដ្ឋីផ្សេងទៀតដែលជាប់នៅក្នុងបញ្ជីនេះដែរនោះ ភាគច្រើនស្ថិតនៅសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ និងឥណ្ឌា ខណ:នៅតំបន់អាស៊ីអាគ្នេយ៍យើងវិញ គឺមានតែគ្រួសារពីរប៉ុណ្ណោះ។
គ្រួសាររបស់ Hartono ដែលនៅពីក្រោយក្រុមហ៊ុន Djarum Group របស់ប្រទេសឥណ្ឌូណេស៊ី មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៤៧ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី១៧ ក្នុងបញ្ជី។
ជាមួយនឹងការចាប់ផ្តើមអាជីវកម្មផលិតបារី ក្រុមហ៊ុន Djarum Group បានបន្តពង្រីកខ្លួនទៅកាន់មុខជំនួញជាច្រើនផ្សេងទៀត រួមមានទាំងការវិនិយោគនៅក្នុងធនាគារ Bank Central Asia ដែលបច្ចុប្បន្នបានក្លាយជាប្រភពចំណូលដ៏ធំបំផុតរបស់ខ្លួន។ គ្រួសារនេះក៏បានបង្កើតក្រុមហ៊ុន Grand Indonesia ផងដែរ ដែលជាផ្សារទំនើបដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេស។
ដោយឡែកគ្រួសារ Chearavanont បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុប ៤៤,១ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងបញ្ជី។ គ្រួសារនេះ ត្រូវបានគេស្គាល់ថាជាអ្នកក្តោបក្តាប់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ដែលជាក្រុមហ៊ុនដ៏ជាងគេបំផុតមួយរបស់ប្រទេសថៃ។
ជម្រាបជូនថា CP Group កាន់កាប់លើក្រុមហ៊ុនជម្រុះជាច្រើន ដោយគ្របដណ្តប់លើវិស័យអាហារ ការលក់រាយ និងទូរគមនាគមន៍ ជាដើម។ ក្រុមនេះ ក៏ជាអ្នកផលិតចំណីសត្វដ៏ធំបំផុតរបស់ពិភពលោកផងដែរ ខណ:បច្ចុប្បន្ន ពួកគេមានប្រតិបត្តិការ នៅក្នុងប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី និងជប៉ុន៕