ឧកញ៉ា វ៉ាន់ ឆារស៍ជួន ស្វាគមន៍ក្រុមហ៊ុនជិត១០០ នៃសមាជិកសមាគមភស្តុភារកម្មកម្ពុជា ទស្សនកិច្ច «អាកាសយានដ្ឋានអន្តរជាតិតេជោ»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុន ខេមបូឌាអ៊ែផតអុិនវេសមុិន (CAIC) កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានទទួលស្វាគមន៍ក្រុមហ៊ុនជិត១០០ នៃសមាជិកសមាគមភស្តុភារកម្មកម្ពុជា ចុះទស្សនកិច្ចនៅ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ដែលមានទីតាំងនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) និងក្រុមប្រឹក្សាភិបាល រួមទទាំងសមាជិកសមាគមប្រមាណ៩០នាក់ផងដែរ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅអំពីសំណាក់ ឧកញ៉ា វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុនខេមបូឌាអ៊ែរផតអ៊ិនវេសមិន ឯ.ក (CAIC)។

ក្រុមការងារជំនាញរបស់ TIA បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់បានសម្រេចប្រមាណ៩០% លើផ្ទៃដីសរុបប្រមាណ ២,៦០០ ហិកតា នឹងគ្រោងបើកដំណើរការនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ គម្រោងសាងសង់ចែកចេញជា ៣ដំណាក់កាល ជាមួយនឹងផ្លូវរត់ចំនួន ៣ ខណៈដែលដំណាក់កាលទី១ នឹងផ្ទុកអ្នកដំណើរបាន ១៣ លាននាក់ និងដំណាក់កាលទី២ បានចំនួន ៣០ លាននាក់ និងដំណាក់កាលទី៣ ផ្ទុកអ្នកដំណើរបាន ៥០ លាននាក់។

ក្រុមហ៊ុន បានបញ្ជាក់បន្ថែមថា ឃ្លាំងទំនិញដែលបានសាងសង់រួចរាល់មានទំហំផ្ទៃដីសរុប ២ហិកតា ដែលបានគិតគូរច្បាស់លាស់ចំពោះលំហូរនៃទំនិញចេញ-ចូល ការបំពេញបែបបទបញ្ចេញទំនិញពីគយកាន់តែងាយស្រួល មានទីតាំងសម្រាប់ក្រុមហ៊ុន អាកាសចរណ៍ និង ក្រុមហ៊ុនភស្តុភារកម្មសម្រាប់ប្រើប្រាស់តាមតម្រូវការ។

គួរបញ្ជាក់ថា មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជំហាន១ បានប្រមាណ ៩២% ស្មើនឹងទឹកប្រាក់ ១,៣៣៦លានដុល្លារ និងគ្រោងបើកដំណើរការជាផ្លូវការ នៅឆ្នាំ២០២៥ តាមផែនការគ្រោងទុក។ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4Fនេះ គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោនៅទីនេះ ក្រោមទឹកប្រាក់វិនិយោគ ១,៥០០ លានដុល្លារ សម្រាប់ដំណាក់កាលទី១ ដោយមិនគិតបញ្ចូលថ្លៃដីព្រលានយន្តហោះ៕