ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឈ្នះពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ ជំរុញប្រសិទ្ធភាពធនធាន និរន្តរភាព និងភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ បានរកឃើញជ័យលាភី ជារោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន១៧ ដែលជាគំរូនៃការអនុវត្តគោលការណ៍ឧស្សាហកម្មប្រកបដោយនិរន្តរភាព ក្នុងនោះ ជ័យលាភីពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ បានទៅលើក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស – KHMER BEVERAGES ។ ពិធីប្រគល់ពានរង្វាន់ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍដែលបំភាយកាបូនទាប និងកំណើនឧស្សាហកម្មបៃតង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានចក្ខុវិស័យច្បាស់លាស់ក្នុងការអនុវត្តយុទ្ធសាស្ត្រនីរន្តរភាពនៅក្នុងច្រវាក់ ផលិតកម្មទាំងមូល ជាពិសេសវិស័យឧស្សាហកម្មបៃតង ដោយយកចិត្តទុកដាក់ខ្លាំងបំផុត លើការសន្សំសំចៃថាមពល ការធ្វើឲ្យថាមពលល្អប្រសើរ ។ ក្រុមហ៊ុនបានវិនិយោគជាច្រើនលើគម្រោងថាមពល(Energy Saving Projects) ជាក់ស្ដែងក្រុមហ៊ុនបានអញ្ជើញអ្នកប្រឹក្សាយោបល់ដែលមានបទពិសោធខ្ពស់មកធ្វើសវនកម្មលើការប្រើប្រាស់ថាមពល ទឹក ចំហាយ ដើម្បីស្វែងរកចំណុចត្រូវកែលម្អ។

ពានរង្វាន់ទាំងនេះទទួលស្គាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត និងទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម, ទន្ទឹមនឹងនោះលើកទឹកចិត្តសហគ្រាស ឧស្សាហកម្ម និងសិប្បកម្ម ឱ្យទទួលយកបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន។

ឯកឧតុ្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចពីសក្តានុពលនៃឧស្សាហកម្មបៃតង និងបានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពធនធាន, កាត់បន្ថយផលប៉ះពាល់បរិស្ថានពីវិស័យឧស្សាហកម្ម, ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករ-និយោជិត, និងពង្រឹងភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា។”

កម្មវិធីនេះបានជ្រើសរើសក្រុមហ៊ុនជ័យលាភី ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យយ៉ាងម៉ត់ចត់ រួមមានប្រសិទ្ធភាពវត្ថុធាតុដើម ការគ្រប់គ្រងកាកសំណល់ ប្រសិទ្ធភាពទឹកនិងថាមពល ការកាត់បន្ថយការបំភាយឧស្ម័ន និងនវានុវត្តន៍បរិស្ថាន។ ជ័យលាភីឆ្នាំ២០២៤ ទទួលបានពានមាសចំនួន៤ ពានប្រាក់៩ និងពានសំរិទ្ធ៤ សម្រាប់ការរួមចំណែកដ៏សំខាន់របស់ពួកគេ ក្នុងការជំរុញរបៀបវារៈបៃតងរបស់កម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនគំរូមួយនៅក្នុងស្រុកដែលផ្ដោតសំខាន់ទៅលើគុណភាពផលិតផល បច្ចេកវិទ្យា និងបរិស្ថានជាចម្បង ​ហើយថ្មីៗ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្របញ្ជាក់ពីការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យសំណល់រាវពីក្រសួងបរិស្ថានផងដែរ៕