សម្តេចធិបតី ប្រកាសបើកការដ្ឋានសាងស់គម្រោងអភិវឌ្ឍន៍ទីក្រុងថ្មី នៅក្រុងអរិយក្សត្រជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ទីក្រុងរណប នៅក្រុងអរិយក្សត្រខេត្តកណ្តាលជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ទន្ទឹមគ្នានេះ សម្តេចថា ការអភិវឌ្ឍទីក្រុងទំនើបនេះ នឹងរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្ស ដែលបាន​អញ្ជើញ​ចូលរួមពិធីបើកការដ្ឋានសាងសង់ «ទីក្រុងមេគង្គ ឃី (Mekong Quay City)» ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោង​អភិ​វឌ្ឍន៍ទីក្រុងរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប និងក្រុមហ៊ុន ឃុន សៀ អ៊ិមផត អិចផត លើផ្ទៃដីទំហំប្រមាណ ២១០ហិកតា។

សម្តេចបន្តថា ការសាងសង់នូវទីក្រុងមេគង្គឃី របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាពេលនេះ គឺជាការអភិវឌ្ឍដ៏ត្រឹមត្រូវ និងជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បាន​គេហដ្ឋាន​ស្នាក់នៅប្រកបដោយភាពងាយស្រួល ខណៈទីក្រុងនេះ មានហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាធំល្អរហូងដល់ជាងពីររយហិកតា។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់នេះបែងចែកជាពីរផ្នែក ដោយផ្នែកទី១ លើផ្ទៃដីប្រមាណ១៤០ហិកតា ប្រមូលផ្តុំដោយអគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារទំនើបតាមដងទន្លេ តាមការរចនាបែបទំនើបប្រណីត និងមានអត្ថន័យវប្បធម៌ មានមជ្ឈមណ្ឌលអប់រំ, មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌។ បន្ថែមលើនេះនឹងរួមបញ្ចូលសារមន្ទីរ រោងមហោស្រពសម្ដែងសិល្បៈប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ និងជាកន្លែងបង្ហាញសិប្បកម្មក្នុងស្រុក រួមបញ្ចូលជាមួយបច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត ដែលអាចផ្ដល់នូវភាពទាក់ទាញ បទពិសោធន៏ថ្មីជូនភ្ញៀវទេសចរ។

រីឯផ្នែកទី២ លើផ្ទៃដី៧០ហិកតា គ្រោងទុកសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ៥០ម៉ែត្រ និងប្រវែង៦គីឡូម៉ែត្រក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ៕ អត្ថបទ៖ ហ្សាលីន