កំពូលអ្នកមានដាច់គេនៅឥណ្ឌាពីររូប របូតតំណែងជាមហាសេដ្ឋីទ្រព្យ ១០០ពាន់លានដុល្លារដូចគ្នានៅឆ្នាំនេះ

អន្តរជាតិ

បុគ្គលមានដាច់គេបំផុតទាំងពីររូបរបស់ប្រទេសឥណ្ឌា គឺមហាសេដ្ឋីប្រេង លោក Mukesh Ambani និងមហាសេដ្ឋីហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម លោក Gautam Adani បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន ធ្លាក់ចុះក្រោម ១០០ពាន់លានដុល្លារ នៅឆ្នាំ២០២៤ នេះ ចំពេលកំពុងមានបញ្ហាប្រឈមលើមុខជំនួញរៀងៗខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ambani ប្រធានក្រុមហ៊ុន Reliance Industries ដែលផ្តោតសំខាន់លើវិស័យថាមពល ការលក់រាយ និងការកម្សាន្ត បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះ ២០% ក្នុងរយៈពេលប្រាំខែចុងក្រោយនេះ មកនៅត្រឹមចំនួន ៩៦,៧ពាន់លានដុល្លារ ប៉ុណ្ណោះ។

បន្ទាប់ពីឈានដល់កម្រិតកំពូលជាមួយចំនួនទ្រព្យសរុប ១២១ពាន់លានដុល្លារ ក្នុងខែកក្កដា លោក Mukesh Ambani ដែលត្រូវបានចាត់ទុកថាជាអ្នកមានបំផុតនៅអាស៊ី បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនស្រកចុះវិញជាបន្តបន្ទាប់ ខណៈដែលក្រុមហ៊ុនរបស់ខ្លួន បានជួបប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណូលយ៉ាងច្រើន។ កំណើននៃការលក់ និងប្រាក់ចំណេញនៃអាជីវកម្មលក់រាយរបស់លោក Ambani ហាក់មានកំណើនយឺតយ៉ាវ ដោយសារដៃគូប្រកួតប្រជែងបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងទីក្រុងកំពូលៗរបស់ប្រទេសឥណ្ឌា ក្នុងរយ:ពេលចុងក្រោយនេះ។

ទន្ទឹមនឹងនេះ លោក Adani ដែលជាស្ថាបនិកក្រុមហ៊ុន Adani Group បាននិងកំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់​រើ​ខ្លួនមិនរួច បន្ទាប់ពីត្រូវបានរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ចោទប្រកាន់ពីបទសូកប៉ាន់ កាលពីខែវិច្ឆិកា។



ជុំវិញការចោទប្រកាន់នេះ បានធ្វើទ្រព្យសម្បត្តិសរុបរបស់លោក Adani ធ្លាក់ចុះដល់ ៣៣% មកនៅត្រឹមចំនួន ៨២,១ពាន់លានដុល្លារ ពីចំនួនខ្ពស់បំផុតដែលត្រូវបានកត់ត្រាទុកកាលពីខែមិថុនា ក្នុងឆ្នាំនេះ។

ជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Adani Energy Solutions បានធ្លាក់ចុះ ២៣% ធៀបទៅនឹងឆ្នាំមុន ខណៈដែលក្រុមហ៊ុន Adani Power បានធ្លាក់ចុះ ៣៩% ពីកម្រិតកំពូលរបស់ខ្លួននៅឆ្នាំនេះ ដែលត្រូវបានកត់ត្រាទុកកាលពីក្នុងខែមិថុនាកន្លងទៅ៕