ភ្នំពេញ៖ ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) គឺជាគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក្នុងគោលបំណងចែករំលែកនូវព័ត៌មានហិរញ្ញវត្ថុ និងការជ្រើសរើសសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមនៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែន (ទិញ-លក់ផលិតផល ឬទំនិញ) តាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល និងប្រកបដោយទំនុកចិត្តខ្ពស់ រវាងប្រទេសកម្ពុជា និងសិង្ហបុរី រួមជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត។
បច្ចុប្បន្ន ប្រទេសដែលបានចូលរួមនៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal រួមមាន ប្រទេសកម្ពុជា, សិង្ហបុរី, ហ្វីលីពីន, អូស្ត្រាលី និងរវ៉ាន់ដា ជាដើម។
លោកស្រី Fatimah Yasin មជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal បានឱ្យដឹងក្នុងវគ្គបណ្តុះបណ្តាលមួយនៅកម្ពុជាថា៖ជាមួយគម្រោង FTC សហគ្រិន ឬអ្នកតំណាងក្រុមហ៊ុននៅកម្ពុជា អាចដាក់លក់ និងនាំចេញផលិតផលទំនិញ ឬវត្ថុធាតុដើម ទៅក្រៅប្រទេសតាមរយៈការបញ្ជាទិញពីដៃគូនៅក្នុងទីផ្សារអន្តរជាតិលើប្រព័ន្ធ Proxtera Trade Portal។ ផលិតផល ដែលអាចលក់បាននៅលើប្រព័ន្ធ Proxtera Trade Portal គឺត្រូវតែជាប្រភេទផលិតផល ឬទំនិញ ដែលមានលក្ខណស្របតាមស្ដង់ដារអន្តរជាតិ និងច្បាប់ នៃប្រទេសនីមួយៗ។ ក្នុងនោះ ផលិតផលខ្មែរ ដែលអាចដាក់លក់បានរួមមាន៖ គ្រឿងទេស, ផលិតផលកសិកម្ម និងចំណីអាហារកែច្នៃ សម្លៀកបំពាក់ស្បែកជើង គ្រឿងសិល្បៈ គ្រឿងស្មូន គ្រឿងសង្ហារឹម និងផលិតផលផ្សេងទៀត។
សេវាហិរញ្ញវត្ថុអន្តរជាតិ សម្រាប់គាំទ្រដល់សហគ្រិនអាចធ្វើពាណិជ្ជកម្មឆ្លងដែន (ទិញ-លក់ផលិតផលទំនិញ)តាមប្រព័ន្ធអនឡាញ បានយ៉ាងឆាប់រហ័ស រវាងប្រទេសកម្ពុជា-សិង្ហបុរីនិងប្រទេសផ្សេងៗទៀតតាមប្រព័ន្ធ Proxtera Trade Portal។
គួរបញ្ជាក់ថា ទំនិញខ្មែរដែលអាចដាក់លក់បានតាមប្រព័ន្ធ Proxtera Trade Portal រួមមមាន៖ គ្រឿងទេស (ម្រេច ម្ទេស ល្មៀត ខ្ទឹម…) អង្ករ ទឹកឃ្មុំ អំបិល បន្លែ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ (ចន្ទី ពោត សណ្តែក ល្អ កាហ្វេ…) ម្សៅអង្ករ-ម្សៅពោត ប្រេងធញ្ញជាតិ (ប្រេងដូង ប្រេងសណ្តែក ប្រេងល្ង..) ប្រហិត សាច់ក្រក សាច់គោ សាច់ជ្រូក ត្រី អាហារសមុទ្រកក អាហារចម្អិតភ្លាមៗ (តែ កាហ្វេ មី សាច់មាន់បំពង…) សំលៀកបំពាក់ និងស្បែកជើង គ្រឿងសិល្បៈ គ្រឿងស្មូន គ្រឿងសង្ហារឹម។ល។ ដោយ៖ សុភក្ត្រា