ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៦៤០លានដុល្លារ ពីការនាំចេញកៅស៊ូជាង៣៩ម៉ឺនតោន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤​ ផលិតផលកៅស៊ូក្នុងឆ្នាំ២០២៤របស់កម្ពុជា សម្រេចបានចំនួន ៤០៧ ២០៩តោន កើនឡើងចំនួន ១៥ ៤០៩តោន ស្មើនឹង ៣,៩៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ចំនួនជាង ៦៤០លានដុល្លារសហរដ្ឋអាមេរិក។

លោក ប្រាក់ ដាវីដ  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតនិងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។ ការណ៍នេះ ទាមទារឱ្យកម្ពុជារៀបចំខ្លួនឱ្យរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។

សូមជម្រាបជូនថា បើតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា គិតត្រឹមរយៈពេល១១ខែ​ ឆ្នាំ២០២៤ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន៥៦៨ ២៧៦ ០៥០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៤ ៨៧៣ ៨៦៧ដុល្លារ។ក្នុងនោះជ័រកៅស៊ូមានតម្លៃ ១,៦៦២ដុល្លារ ក្នុង១តោន កើនឡើងចំនួន៣១៩ដុល្លារ ក្នុង១តោន ស្មើនឹង២៣.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ ២៣១ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបបន្ថែមថា កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%៕