មេធំ TikTok ស្កាត់ជួបពិភាក្សាជាមួយលោក ត្រាំ មុនពេលកម្មវិធីរបស់ខ្លួនប្រឈមមុខនឹងការបិទនៅអាមេរិក

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Chew Shou Zi កាលពីថ្ងៃទី១៦ ខែធ្នូកន្លងទៅ​ត្រូវបានគេរាយការណ៍ថា បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅឯលំនៅដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida ពោលគឺនៅត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមនេះ ប្រឈមមុខនឹងការបិទចោលទាំងស្រុងនៅទឹកដីសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំឯកជនមួយដែលត្រូវបានបញ្ជាក់ដោយប្រភពមិនបញ្ចេញឈ្មោះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានប្រកាសថានឹងព្យាយាមដកចេញការហាមឃាត់នេះ ដើម្បីរក្សាទុកកម្មវិធី TikTok ឲ្យមានវត្តមានបន្តនៅអាមេរិក។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ៖”យើងនឹងពិនិត្យមើលឡើងវិញទៅលើ TikTok។ តើអ្នកដឹងទេ ខ្ញុំតែងតែមានភាព​សន្តោសប្រណី​សម្រាប់កម្មវិធីនេះ”។

គួរឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ វាមិនត្រូវបានគេរាយការណ៍ជាក់លាក់អ្វីដែលលោក ត្រាំ និងលោក Chew បានពិភាក្សាគ្នា ក្នុងកិច្ចប្រជុំលក្ខណ:ឯកជននេះនោះឡើយទេ ស្របពេលអ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ ផងដែរ។

ជម្រាបជូនផងដែរថា ការបិទកម្មវិធី TikTok គ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមករា បន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ហាមឃាត់មួយ លុះត្រាតែ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok យល់ព្រមលក់កម្មវិធីនេះទៅឲ្យម្ចាស់ថ្មីដែលជាជនជាតិអាមេរិក៕