ការលក់ផ្ទះឯកជនថ្មីនៅក្នុងប្រទេសសិង្ហបុរី បានឈានដល់កម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានរយ:ពេល ១១ឆ្នាំចុងក្រោយ នៅក្នុងខែវិច្ឆិកា បន្ទាប់ពីត្រូវបានជំរុញដោយតម្រូវការកើនឡើង ចំពេលអារម្មណ៍របស់អ្នកទិញមានភាពធូស្រាល និងការបើកដំណើរការគម្រោងធំៗថ្មីជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងឡើងវិញ កាលពីថ្ងៃទី១៦ ខែធ្នូកន្លងទៅ បានបង្ហាញឲ្យដឹងថា ដោយមិនរាប់បញ្ចូលទាំងខុនដូប្រតិបត្តិ(EC) ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យសិង្ហបុរី បានលក់ផ្ទះឯកជនថ្មីបានចំនួនសរុប ២ ៥៥៧ យូនីត កាលពីខែមុន។
តួលេខនេះនៃការលក់នេះ ត្រូវបានកត់ត្រាជាចំនួនលក់ប្រចាំខែខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពិខែមីនា ឆ្នាំ២០១៣ មក ដោយនៅពេលនោះការលក់ផ្ទះឯកជនថ្មីមានចំនួនសរុប ២៧៩៣ យូនី ដោយមិនរាប់បញ្ចូលទាំងខុនដូ EC។ នេះបើតាមទិន្នន័យពីទីភ្នាក់ងារអចលនទ្រព្យបានបង្ហាញ។
នៅក្នុងខែវិច្ឆិកា ការលក់ផ្ទះឯកជនថ្មីបានកើនឡើង ២៤៦,៥% ពីចំនួន ៧៣៨ យូនីតដែលបានលក់ក្នុងខែតុលា ហើយចំនួននេះក៏បានកើនឡើងច្រើនជាងបីដង បើធៀបទៅនឹងការលក់ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ផងដែរ។
ជម្រាបជូនថា ក្នុងចំណោមផ្ទះឯកជន ២ ៥៥៧ យូនីតដែលត្រូវបានលក់ដាច់កាលពីខែមុន មាន ៩៨ យូនីត ស្ថិតនៅក្នុងតំបន់ស្នូលកណ្តាល (CCR) , ១ ៥៦៩ យូនីត ស្ថិតនៅក្នុងតំបន់កណ្តាល (RCR) និង ៨៩០ យូនីត ស្ថិតនៅក្នុងតំបន់កណ្តាលខាងក្រៅ (OCR)៕