សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា សម្តេច នឹងទៅអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ តបតាមការអញ្ជើញរបស់ប្រធានាធិបតី និងប្រធានរដ្ឋសភាអ៊ុយក្រែន។សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន កាលព្រឹក ទី១៧ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ លោក Oleksandr Gaman បានថ្លែងអំណរគុណ សម្តេច ដែលប្រទេសកម្ពុជាកន្លងមក មានគោលជំហរជ្រើសយកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្តចំពោះប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រនានាជាបន្តបន្ទាប់។ លោកបន្តថា អ៊ុយក្រែនអាចនឹងប្រើពេលប្រមាណ ១០០ឆ្នាំ ក្នុងការបោសសម្អាតមីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងកម្ពុជា។ ឆ្លៀតក្នុងជំនួបនេះ លោកក៏បានពាំនាំការអញ្ជើញរបស់ប្រធានាធិបតី និងប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះសម្តេចតេជោ ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពីសម្តេចបានអញ្ជើញទៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១។
ជាការឆ្លើយតប បានបញ្ជាក់ថា កម្ពុជាស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយ សម្តេច ដឹងយ៉ាងប្រាកដថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។ សម្តេចតេជោ ក៏បានបន្តថា សម្តេច បានលះបង់អំណាចពេលដែល សម្តេច នៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹងសុខសន្តិភាព និង ស្ថិរភាពរយៈពេលវែងសម្រាប់កម្ពុជា។
ជាមួយគ្នានេះ សម្តេច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយសូមទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុងគៀវ នៅឆ្នាំ១៩៨១។
សូមបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានេះ ក្នុងឋានៈជាមេដឹកនាំកម្ពុជានិងប្រធានអាស៊ាន នាពេលកន្លងមក សម្តេចតេជោ ក៏បានបន្តចែករំលែកទៅកាន់ស្ថានទូតអ៊ុយក្រែន នូវបទពិសោធន៍ និងទស្សនៈរបស់សម្តេច លើអភិក្រម យុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និងយុទ្ធសាស្ត្រនៃកិច្ចការចរចាស្វែងរកសន្តិភាពជូនកម្ពុជា ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ ត្រូវតែមានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ៕ អត្ថបទ៖ ហ្សាលីន