កាណាដា នឹងដាក់ពន្ធបន្ថែមលើការនាំចូលទំនិញរបស់ចិនមួយចំនួន នៅឆ្នាំថ្មីខាងមុខ

អន្តរជាតិ

ប្រទេសកាណាដា បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងដាក់ពន្ធបន្ថែមលើផលិតផលចិនមួយចំនួនចាប់ពីដើមឆ្នាំក្រោយ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតកាន់តែទូលំទូលាយយរបស់ខ្លួន លើការនាំចូលពីប្រទេសក្នុងតំបន់អាស៊ីមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការបង្កើនពន្ធថ្មីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកាដាណា កន្លងមកតែងតែបានរិះគន់ជាញឹកញាប់ចំពោះគោលនយោបាយផ្តល់មូលនិធិដោយរដ្ឋាភិបាលចិន ចំពោះការផ្គត់ផ្គង់លើសចំណុះ និងលើសសមត្ថភាព ដែលនាំឲ្យខូចដល់តម្លៃទីផ្សារសកល។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា​៖” វិធានការទាំងនេះ នឹងការពារឧស្សាហកម្មក្នុងស្រុក និងការប្រកួតប្រជែងមិនស្មោះត្រង់ពីសំណាក់ប្រទេសចិន ខណ:ទំនិញថោកៗរបស់ពួកគេបានធ្វើឲ្យខូចទ្រង់ទ្រាយដើមនៃទីផ្សារ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ទាំងនៅកាណាដា និងទូទាំងទ្វីបអាមេរិកខាងជើងផងដែរ”។

គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលរបស់លោក Justin បានដំឡើងពន្ធ ១០០% លើរថយន្តអគ្គិសនីរបស់ចិនទាំងអស់ និង ២៥% លើការនាំចូលផលិតផលដែក និងអាលុយមីញ៉ូមដែលនាំចូលពីប្រទេសចិន។

ជម្រាបជូនថា ជុំវិញការបង្កើនពន្ធនេះ ត្រូវបានគេមើលឃើញថា អាចជាយុទ្ធសាស្រ្តមួយរបស់រដ្ឋាភិបាលកាណាដា ដើម្បីបង្ហាញពីជំហររបស់ខ្លួនប្រឆាំងទៅនឹងប្រទេសចិន ដោយនេះអាចនឹងជួយកាត់បន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិកបានមួយផ្នែក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានសន្យាថានឹងយកពន្ធ ២៥% លើទំនិញដែលនាំចូលពីកាណាដា៕