សហភាពអឺរ៉ុប ផាកពិន័យក្រុមហ៊ុន Meta ជិត ៣០០លានដុល្លារ ជុំវិញការរំលោភបំពានទិន្នន័យផ្ទាល់ខ្លួន

អន្តរជាតិ

និយតករ​ឯកជនភាពរបស់សហភាពអឺរ៉ុប កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅ បានសម្រេចផាកពិន័យក្រុមហ៊ុន Meta ជាទឹកប្រាក់ចំនួន ២៥១លានអឺរ៉ូ (២៦៣,៥លានដុល្លារ) បន្ទាប់ពីរកឃើញថាបានរំលោភបំពានទៅលើការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការស៊ើបអង្កេតលើករណីនេះ ត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ បន្ទាប់ពីក្រុមហ៊ុន Meta បានជូនដំណឹងដល់គណ:កម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ (DPC) ជុំវិញការរំលោភបំពានដែលធ្វើឲ្យប៉ះពាល់ដល់គណនី Facebook ប្រហែល ២៩លាន នៅទូទាំងពិភពលោក ដោយក្នុងនោះមានប្រហែល ៣លានគណនី ស្ថិតនៅតំបន់អឺរ៉ុប។

ទន្ទឹមនឹងនេះ DPC បាននិយាយថាក្រុមហ៊ុន Meta បានដោះស្រាយការរំលោភបំពានទិន្នន័យនេះភ្លាមៗ បន្ទាប់ពីការរកឃើញ។

ជម្រាបជូនថា រហូតមកដល់ពេលនេះ DPC បានពិន័យក្រុមហ៊ុន Meta ជាទឹកប្រាក់សរុបជិត ៣ពាន់លានអឺរ៉ូរួចមកហើយ សម្រាប់ការបំពានក្រោមបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) របស់សហភាពអឺរ៉ុបដែលបានណែនាំចេញជាលើកដំបូងក្នុងឆ្នាំ២០១៨ រួមទាំងការផាកពិន័យចំនួន ១,២ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣ ដែលក្រុមហ៊ុន Meta កំពុងប្តឹងឧទ្ធរណ៍៕